ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង៣៧ភាគរយ ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ពាន់លានដុល្លារ ដល់ ៥,៨ពាន់លានដុល្លារ។ បើតាមការលើកឡើងឱ្យដឹងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ បើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ការលើកឡើងខាងលើ របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ អាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ LeRoyal រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានថ្លែងបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៥៦លានដុល្លារ សម្រាប់គាំទ្រវិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាមេរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលគិតជាទឹកប្រាក់ចំនួន ១១លានដុល្លារ ក្នុងការជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជា។
ការភ្ជាប់ចំណងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តី បន្ថែមថា កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំ រវាងអាមេរិកនិងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភា ហើយនិងបុគ្គលិកសភាអាមេរិក ថែមទាំងមន្ត្រីរដ្ឋាភិបាលអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឱ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីខាងលើ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសម្អាតមីន ក៏ដូចជាកម្មវិធីរវាង ប្រជាជននិងប្រជាជន ជាដើម។ លោកថា តួយ៉ាងថ្មីៗនេះ ការសុំចូលចតរបស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពិតជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជនយើងទាំងពីរ។
នៅក្នុងឱកាសនោះដែរ លោក រដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីការដាក់ចេញនូវប្រធានបទចំនួន១២ ផ្សេងគ្នា នៃវិភាគទានរបស់អាមេរិក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើទ្បើងក្នុងពេលប្រារព្ធខួបលើកទី៧០ ជាផ្លូវការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ ប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង អគ្គរដ្ឋទូតប្រចាំកម្ពុជា លោក Murphy៕
ដោយ៖ឌីណា