ភ្នំពេញ៖ គណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២ ខែកក្កដា នេះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ តាមប្រព័ន្ធ Video Conference កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការ UNWTO បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោក ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះអង្គការ UNWTO បានលើកឡើងអំពីការចូលរួមរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការចូលរួមរៀបចំគោលការណ៍ណែនាំ និងអនុសាសន៍ផ្សេងៗដល់បណ្តាប្រទេសសមាជិក UNWTO ក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាលនៃវិបត្តិជំងឺកូវីដ-១៩ និងការស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO តាមរយៈ Video Conference លោក ថោង ខុន បានបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយ UNWTO និងផ្នែកពាក់ព័ន្ធនានាទៀត ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគជំងឺកូវីដ-១៩។
លោក រដ្ឋមន្រ្តីបានបន្តថា នៅក្នុងដំណើរការនៃប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគជំងឺកូវីដ-១៩ នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវការទប់ស្កាត់ការរីករាលដាលមេរោគជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រខាងលើ លោក ថោង ខុន បានលើកឡើងថា សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុវត្តគោលការណ៍ឧបត្ថម្ភសាច់ប្រាក់ ជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ និងអ្នកព្យួរការងារក្នុងវិស័យទេសចរណ៍ អំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ហើយក្រៅពីនេះ កម្ពុជា ក៏បានរៀបចំកញ្ចប់ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចប្រជុំលើកទី៣២ នៃគណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍មកពីបណ្តាប្រទេសចំនួន ២៨ប្រទេសចូលរួម និងមានអគ្គលេខាធិការអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀតបានអញ្ជើញចូលរួមផងដែរ៕
ដោយ៖ឌីណា