Register Already an agent ? Login

របាយការណ៍៖ គ្រោះថ្នាក់ចរាចរណ៍ ៦ខែឆ្នាំ២០២០ ថយចុះ ៥៥២ករណី អ្នកស្លាប់ថយ ១៧២នាក់ និងអ្នករបួសថយនៅ ៧៧៨នាក់

ភ្នំពេញ៖ ទិន្នន័យផ្លូវការបានបង្ហាញថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល ១ឆមាស គិតចាប់ពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ៥៥២លើក ស្មើនឹង២៥ភាគរយ (១៦១៩លើ ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ ១៧២នាក់ ស្មើនឹង១៧ភាគរយ (៨៦១លើ ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ ៧៧៨នាក់ ស្មើនឹង២៤ភាគរយ (២៤៤៩លើ៣២២៧នាក់)។ បើតាមទំព័រហ្វេសប៊ុកផ្លូវការ សម្ដេច ស ខេង។

សម្ដេច បានបន្តថា ដូចគ្នានេះដែរបើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺ ខែឧសភានិងខែមិថុនាឆ្នាំ២០២០ និងខែឧសភានិងខែមិថុនាឆ្នាំ២០១៩ គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើក ស្មើនឹង៣៤ភាគរយ (៤៥៧លើ ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ ៧៩នាក់ស្មើនឹង២៥ភាគរយ (២៤១លើ ៣២០នាក់) និងអ្នករងរបួសបានថយចុះ ២៣៣នាក់ស្មើនឹង២៣ភាគរយ (៧៦៦លើ ៩៩៩នាក់)។

«ថ្ងៃទី១ខែកក្កដា ជាថ្ងៃបញ្ចប់ពាក់កណ្តាលឆ្នាំ២០២០ ហើយនៅថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍រយៈពេល១ឆមាស ឆ្នាំ២០២០ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក»។ តាមការបញ្ជាក់របស់ សម្ដេច ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ប្រធាន គ.ស.ច.គ បានបញ្ជាក់បន្ត តាមទិន្នន័យបញ្ជាក់ខាងលើនេះគឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេសជាតិយើងមានការរីកចម្រើន មានកំណើនយានយន្តធ្វើដំណើរ និងកំណើនអ្នកបើកបរក៏ដោយ តែគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់ប្រជាលរដ្ឋទាំងអស់បន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើងគឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ។

ជាមួយគ្នានេះ សម្ដេច ស ខេង ក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឱ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឱ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង៕

ដោយ៖ឌីណា