ភ្នំពេញ៖ លទ្ធផលនៃការប្រមូលផលដំណាំសាកវប្បកម្មគិតមកទល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្រេចបានចំនួន ៧ ៨២៤តោន ក្នុងនេះបន្លែគ្រប់មុខ ៧ ៧១០តោន ស្មើនឹង ៨៣.១២ភាគរយ នៃផ្ទៃដីដាំដុះសរុប និងដំណាំឧស្សាហកម្ម សម្រេចប្រមូលផលសរុបបាន ៥៨ ៣៩៦តោន ស្មើនឹង ៩២.៨៩ភាគរយ នៃផ្ទៃដីដាំដុះសរុប។ បើតាមការឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោក វេង សាខុន បានបន្តឱ្យដឹងថា រីឯស្ថានភាពស្រូវនាំចេញក្រៅផ្លូវការតាមច្រកនានាក្នុងភូមិសាស្ត្រខេត្តព្រៃវែងទៅប្រទេសវៀណាម គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៨១ ៥៧៧តោន (តម្លៃស្រូវ IR504=៩២០រៀល និងតម្លៃស្រូវ OM5451= ៨៥០រៀល។
លោក រដ្ឋមន្រ្តីបានបន្តទៀតថា គិតមកត្រឹមថ្ងៃទី ៣០ ខែមីថុនា ឆ្នាំ២០២០ ខេត្តព្រៃវែងទទួលបានទឹកភ្លៀងកំពស់ជាមធ្យមសរុបចំនួន ៤១២.០៨មីលីម៉ែត្រ។ ចំពោះល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានការសាបព្រោះចំនួន ១៧៦ ០៨៦ហិកតា ស្មើនឹង ៧១,២៣ភាគរយ នៃផែនការប្រចាំឆ្នាំ២០២០ ក្នុងនេះមានស្រូវស្រាល ៥២ ៨២០ហិកតា, ស្រូវកណ្តាល ៩៩ ៣៧១ហិកតា និងស្រូវធ្ងន់ ២៥ ៨៩៥ហិកតា។
រដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ ទន្ទឹមនឹងនេះខេត្តព្រៃវែង ក៏បានជួបប្រទះនឹងគ្រោះរាំងស្ងួត ដែលបានប៉ះពាល់លើផ្ទៃដីប្រមាណ ១៨ ៣២៥ហិកតា (ប៉ះពាល់មាន៧ ស្រុក) ហើយសង្រ្គោះបានដោយទឹកភ្លៀងប្រមាណ ១៣ ៤៣៨ហិកតា។
លោក បន្ថែមថា ដោយឡែកល្បឿនបង្កបង្កើនផល ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មរយ:ពេលខ្លី សម្រេចបាន ទី១. ដំណាំឧស្សាហកម្ម សម្រេចបាន ៤ ៩៣៧ហិកតា ក្នុងមានពោតក្រហម ២ ៧៤០ហិកតា, សណ្ដែកបាយ ៩២ហិកតា, ដំឡូងមី ១ ០៣៥ហិកតា, សណ្ដែកដី ៣៥ហិកតា, ល្ង ២៩៣ហិកតា, អំពៅ ៦៦២ហិកតា និងឈូក ៨០ហិកតា។ ទី២.ដំណាំសាកវប្បកម្ម សម្រេចបាន ៩០៦ហិកតា ក្នុងនោះមានបន្លែគ្រប់មុខ ៨៨៦ហិកតា, ម្ទេសគ្រប់មុខ ៨ ហិកតា, ពោតស ៦ហិកតា និងឪឡឹក ៦ហិកតា៕
ដោយ៖ឌីណា