ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២០ លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យមានចំនួន ៣៩៧ ៦៦០តោន កើនឡើងប្រមាណ ១១៦ ១២២តោន ស្មើនឹង ៤១,២៥ភាគរយ ដែលធៀបទៅនឹងរយៈពេល ៦ខែដើម ឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨តោន។ បើតាមការឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។
លោក រដ្ឋមន្រ្តីបានឱ្យដឹងបន្តថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ សម្រេចការនាំចេញអង្ករបានចំនួន ៤១ ៥៦៣តោន កើនឡើងចំនួន ១០ ១៩៧តោន ស្មើនឹង ៣២,៥១ភាគរយ ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៤១ ៨៦៤តោន, អង្ករចម្រុះគ្រប់ប្រភេទចំនួន ៨ ៧៥២តោន, អង្ករចំហ៊ុយចំនួន ៩២៤ តោន និងអង្ករក្រហមចំនួន ២៣តោន។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម ២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ប្រទេស។ បើតាមការបន្ថែមរបស់ លោក វេង សាខុន បញ្ជាក់ «ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ»។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៦ខែដើមឆ្នាំ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩ភាគរយ, ចិន កើនចំនួន ២៥,២០ភាគរយ, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩ភាគរយ និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦ភាគរយ៕
ដោយ៖ឌីណា