Register Already an agent ? Login

ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៣លានដុល្លារ លើគម្រោងអាហារូបករណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណងលើគម្រោងអាហារូបករណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ៣៤៨លានយ៉េន (ប្រមាណ ៣,២៣លានដុល្លារ)។ បើតាមសេចក្ដីជូនដំណឹងរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅថ្ងៃទី២៩ ខែមិថុនា នេះ។

JICA បានបបញ្ជាក់ថា «គម្រោងនេះមានគោលបំណងដោះស្រាយនូវរាល់បញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា គាំទ្រដល់មន្រ្តីរដ្ឋាភិបាលវ័យក្មេង ដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតពីគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន»។

JICA និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខា ដោយជោគជ័យលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួនខាងលើ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ តាមការបន្តរបស់ JICA នៅក្នុងសេចក្ដីជូនដំណឹងដដែល។

JICA បន្ថែមថា មន្ត្រីដែលគាំទ្រ ដោយគម្រោង JDS អាចប្រើប្រាស់ការសិក្សាបទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោង ដើម្បីបង្កើតនិងអនុវត្តផែនការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នា គម្រោង JDS បានចាប់ផ្តើមជ្រើសរើស បេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុង ឆ្នាំ២០០១ ហើយនៅឆ្នាំ២០២០ គឺជាខួប២០ឆ្នាំ នៃគម្រោង JDS។

សូមរម្លឹកថា ចាប់តាំងពីគម្រោង JDS បានចាប់ផ្តើម មាននិស្សិតសរុបចំនួន ៤៧០នាក់ ដែលទទួលបានអាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀត ដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន៕

ដោយ៖ឌីណា