ភ្នំពេញ៖ មន្រ្តីជំនាញខេត្តបាត់ដំបង បានដុតបំផ្លាញប្រហិត ខូចគុណភាពចំនួន ២,៤៥០គីឡូក្រាម ដែលឈ្មួញទុច្ចរិតនាំចូលពីប្រទេសជិតខាងបម្រុងនឹងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែត្រូវបានសមត្ថកិច្ច បង្រ្កាបបានទាន់ពេលវេលា។ បើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
នគរបាលខេត្តបានឱ្យដឹងថា ដោយបានការអនុញ្ញាតពី លោក អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្ថិតក្រោមការដឹកនាំរបស់ លោក គឺ បុណ្ណរ៉ា ព្រះរាជអាជ្ញារងខេត្ត លោក ចេង ឡេង ស្នងការរងផែនការប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងជំនាញ ដែលមាន លោក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញសាខាកាំកុងត្រូល និងផ្នែកពាក់ព័ន្ធ បានដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួនខាងលើ។
បើតាមការឱ្យដឹង ពីមន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង ថា ប្រហិតចម្រុះខូចគុណភាពចំនួនចទាំងនោះ ដុចកម្ទេចចោលនៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ មន្រ្តីដដែលបញ្ជាក់ ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
លោក អ៊ុច សុខុន បានអំពាវនាវដល់អ្នកប្រកបមុខរបរខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការលួចនាំចូល នូវប្រភេទ(ប្រហិតឬសាច់មាន ឬជង្គង់មាន់)ខូចគុណភាព យកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់។
លោក ស្នងការបន្ថ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញ ឬការបរិភោគផលិតផលទាំងនេះ ពីព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់៕
ដោយ៖ឌីណា