ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។
លើកឡើងខាងលើរបស់ លោក ថោង ខុន នៅក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទៅទាំងប្រទេសរួចមក។ លោក ថា ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិតាមយ៉ាងត្រឹមត្រូវចំពោះបទដ្ឋានគតិយុត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
ក្នុងឱកាស លោក រដ្ឋមន្រ្តី បានបន្តថា បន្ថែមលើនេះ ក្នុងរយៈពេល ៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២ភាគរយ% ធៀបទៅនឹងរយៈពេល ៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។ ជាការបន្ថែមរបស់ លោក ថោង ខុន បន្ថែមថា ដោយឡែកសម្រាប់ ភ្នំពេញ ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥,៧៥០នាក់ ថយចុះ -៤៦.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
«ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់»។ ជាការបញ្ជាក់ របស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ថែមទៀតថា យ៉ាងណាមិញយើងសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
លោក រដ្ឋមន្រ្តីបន្ថែមទៀតថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្ន ដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣ភាគរយ នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣ភាគរយ នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។ លោក បានបញ្ជាក់ទៀត «ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល»។
នៅក្នុងកម្មវិធីខាងលើ លោក ថោង ខុន បានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ ច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។
បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ បានកំណតថាអ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ៕
ដោយ៖ឌីណា