ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានស្នើរដ្ឋាភិបាលកម្ពុជា ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូននារសៀលថ្ងៃទី២៩ ខែមិថុនា នេះ។
ការស្នើខាងលើ នៅក្នុងជំនួនពិភាក្សាការងារ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្ដីការក្រសួង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី បានជម្រាបជូន លោកទូតនិងគណៈប្រតិភូថា នឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩ នៅកម្ពុជា ដើម្បីអាចឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញការងារនៅកម្ពុជា ដោយគ្មានភាពរាំងស្ទះ។
នាឱកាសនោះ លោក ស៊ុន ចាន់ថុលបានលើឡើងអំពី គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។
នៅក្នុងជំនួននេះ លោក ទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ បានយ៉ាង មានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះ កម្ពុជា ទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។
បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន បានបញ្ជាក់ថា ជំនួបខាងលើ មានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ ស្តីពីការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ៕
ដោយ៖ឌីណា