Register Already an agent ? Login

ក្រសួងដឹកជញ្ជូន កំពុងតែសិក្សា ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍ដូច ផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសហនុ ឱ្យសាកស័ក្តិសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។ បើតាមការថ្លែងឱ្យដឹង របស់ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងនេះ។

ការថ្លែងខាងលើ របស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក បានបញ្ជាក់ទៀត «ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង និងសៀមរាប»។

លោក រដ្ឋមន្រ្តីបានបន្តថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

នៅក្នុងកិច្ចប្រជុំខាងលើ លោក រដ្ឋមន្រ្តីបន្ថែមថា គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គីឡូម៉ែត្រ បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គីឡូម៉ែត្រ បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F និងគម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប មានប្រវែង៤៥គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុច គីឡូម៉ែត្រ២៩១ ដល់គីឡូម៉ែត្រ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាលទ្ធភាពគម្រោង។ ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុង មរាបផងដែរ។

តាមការបញ្ជាក់របស់ក្រសួងដឹកជញ្ជូនបញ្ជាក់ថា គម្រោងសិក្សាផ្លូវទាំង ៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ របស់កម្ពុជា។

ម្យ៉ាងទៀត គម្រោងផ្លូវនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន។ ជាការបន្ថែមទៀតរបស់ ក្រសួងដដេល៕

ដោយ៖ឌីណា