Register Already an agent ? Login

ការធ្វើស្រូវរដូវវស្សា ខេត្តព្រៃវែង សម្រេចបានចំនួនជាង ១សែនហិកតា ស្មើនឹង៦៦% ប៉ុន្តែមានស្រុកចំនួន៧ ផ្ទៃដីជាង១ម៉ឺនហិកតា ជួបគ្រោះរាំងស្ងួត

ភ្នំពេញ៖ ការសាបព្រួសស្រូវ​រដូវវស្សា ខេត្តព្រៃវែង សម្រចបានចំនួន ១៦៥ ២២៨ហិកតា ស្មើនឹង ៦៦,០៩ភាគរយ នៃផែនការ ដែលក្នុងនេះមានស្រូវស្រាលចំនួន ៥២ ៦៩៦ហិកតា, ស្រូវកណ្ដាលចំនួន ៨៩ ២៧៩ហិកតា និងស្រូវធ្ងន់ចំនួន ២៣ ២៥៤ហិកតា។ តាមការឱ្យដឹង ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

លោក បានបន្តថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០​ ខេត្តព្រៃវែង ទទួលបានកម្ពស់ទឹកភ្លៀងជាមធ្យមប្រមាណជា ២៨៦.៣៧មីលីម៉ែត្រ ដែលសម្រេចបាន ការសាបព្រួសស្រូវរដូវវស្សាដូចចំនួនខាងលើ។ ប៉ុន្ត ទទឹមនេះ ក៏បានប្រទះនឹងគ្រោះរាំងស្ងួត ផ្នែកខ្លះនៅតាមបណ្តាស្រុកទាំង៧ ដែលមានផ្ទៃដីសរុបចំនួន ១៨ ៤៥២ហិកតា ក្នុងនេះសង្រ្គោះបាន ១៣ ២៣៨ហិកតា (ដោយទឹកភ្លៀង)។

បើតាម លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមថា ដោយឡែកការងារដាំដុះដំណាំឧស្សាហកម្មរយ:ពេលខ្លី​ រដូវ​វស្សា ៤ ៨៨៧ហិកតា ក្នុងនេះមាន ពោតក្រហម ២ ៧៤០ហិកតា, សណ្ដែកបាយ ៩២ហិកតា, ដំឡូងមី ១ ០៣៥ហិកតា, សណ្ដែកដី ៣៥ហិកតា​, ល្ង ២៩៣ហិកតា, អំពៅ ៦០២ហិកតា​, ឈូក ៨០ហិកតា និងដំណាំសាកវប្បកម្ម សម្រេចបានសរុបចំនួន ៨៨៣ហិកតា។

លោក វេង សាខុន បានបន្ថែមឱ្យដឹងទៀតថា ទន្ទឹមនឹងការប្រមូលផលបានជាបណ្តើរៗនៅក្នុងខេត្តនេះ យើងក៏បានសម្រេច ការនាំស្រូវនាំចេញទៅប្រទេសវៀណាមជាបណ្តើរៗផងដែរ ជាក់ស្តែងគិតចាប់ពីថ្ងៃទី២២ ខែឧសភា រហូត ដល់ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០​ សម្រេចនាំស្រូវចេញសរុបបាន ៧២ ៤២៥តោន ។ រីឯតម្លៃវិញក៏ទទួលបានសមរម្យផងដែរគឺ៖ ស្រូវ IR504 មានតម្លៃ ៩២០រៀលក្នុង១គីឡូក្រាម, ស្រូវ OM5451 មានតម្លៃ ៨៥០រៀលក្នុង១គីឡូក្រាម៕

ដោយ៖ឌីណា