Register Already an agent ? Login

អាមេរិកផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៥លានដុល្លារ ដល់កម្ពុជា សម្រាប់វិស័យ ៤

ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦លានដុល្លារ សម្រាប់វិស័យចំនួ​ន ៤ នៅកម្ពុជា ក្នុងនោះ ៣៨លានដុល្លារ លើវិស័យសុខាភិបាល និងអប់រំ និង ១៨លានដុល្លារ លើវិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានា នៅកម្ពុជា។ បើតាមសេចក្ដីប្រកាសរួម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពី «ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០១៩» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីប្រកាសរួមបានបន្ត លោក ជិន ប៊ុន ស៊ាន អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានបរសាសន៍ថា ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសរសរសកតម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលលោក​ប្ដេជ្ញាបន្តការកាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បើតាមសេចក្ដីប្រកាសខាងលើ។

គិតចាប់តាំងពីខែមិនា ឆ្នាំ២០១៦មក អាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤នេះ។ បើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសរួម បន្តថា បន្ថែមពីលើនវ រដ្ឋាភិបាលអាមេរិក បានផ្ដល់ការគាំទ្រអង្គការសង្គមស៊ីវិល ដែលបានធ្វើការផ្តោតលើសិទ្ធិមនុស្ស, ការប្រឆាំងការជួញដូរមនុស្ស និងគនណនេយ្យភាព និងតម្លាភាពនៅកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសនេះ ​ក៏បានបន្តទៀតថា គិតតាំងពីខែមិនា ឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្លារ គាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩​របស់រដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងសមធម៌។

ជារួម គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបានផ្ដល់ការគាំទ្រដល់កម្ពុជាប្រមាណជាង ១០០០លានដុល្លារ៕

ដោយ៖ឌីណា