ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីវៀណាម តាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន រកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតចំនួន ៤តោន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ បើតាមទំព័រហ្វេសប៊ុក អគ្គ.ក.ប.ប។
បើតាមមន្រ្តី អគ្គ.ក.ប.ប បានឱ្យដឹងថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីវៀតណាមចូលមក កម្ពុជា ដែលនាំចូលតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ បើតាមការបន្តរបស់មន្រ្តីដដែល បានបញ្ជាក់ឱ្យដឹង ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន៖ ខ្ញីចំនួន ១តោន, ម្ទេសស្រស់ចំនួន ៥០០គីឡូក្រាម, ក្រូចខ្វិចតូចចំនួន ៥០០គីឡូក្រាម, ស្ពៃគួយឡេងចំនួន ២តោន។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត។ តាមការបន្ថែមរបស់មន្រ្តីខាងលើ៕
ដោយ៖ឌីណា