Register Already an agent ? Login

ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបានជាង ១លានហិកតា ស្មើនឹងជាង ៥៣% នៃផែនការចំនួនជិត ៣លានហិកតា

ភ្នំពេញ៖ របាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានឱ្យដឹងថា មកទល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១ ៣៧៦ ៤៥៨ហិកតា ស្មើនឹង ៥៣,១៨ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៤៩១ ០៩០ហិកតា ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ហិកតា ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ហិកតា ស្រូវចម្ការចំនួន ១១ ៧១៧ហិកតា ស្រូវឡើងទឹកចំនួន ៣១ ៣១៦ហិកតា។

របាយការណ៍បានបន្តឱ្យដឹងទៀតថា សម្រាប់ដំណាំឧស្សាហកម្ម សម្រេចបាន ៥៥៤ ១៥១ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ហិកតា, ដំឡូងមីចំនួន ៤៣៨ ២១៧ហិកតា, សណ្តែកបាយចំនួន ១៣ ៥២៦ហិកតា, សណ្តែកដីចំនួន ៣ ២៩០ហិកតា, សណ្តែកសៀងចំនួន ១ ២៣១ហិកតា និងអំពៅចំនួន ៩ ៩៧៧ហិកតា។

បើតាមរបាយការបន្ថែម ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល ៥ខែ ១៧ថ្ងៃ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ លើលែងតែម្សៅដំឡូងមីតែប៉ុណ្ណោះ។ ដោយឡែកចំពោះបរិមាណនៃការនាំចេញសរុប សម្រេចបាន ៣ ២៤១ ៥២៩តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖ អង្ករ សម្រេចបាន ៣៨៨ ៨២៧តោន ទៅកាន់ ៥៥ប្រទេស។ ស្រូវ សម្រេចបាន ៩៤៦ ៦៥១តោន ទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២០០ តោន ទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង និងថៃ ។

ចេកស្រស់ សម្រេចបាន ១២៩ ៦៦២ តោន ទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន។ ក្រូចថ្លុង សម្រេចបាន ៩ ៩០០ តោន ទៅកាន់ប្រទេសថៃ។ ដំណាប់ស្វាយ សម្រេចបាន ៤ ០៣០តោន ទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម។ ម្សៅដំឡូងមី សម្រេចបាន ១១ ០៩៦ តោន ទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី។

ស្វាយស្រស់ ៤៥ ៨៩៩តោន ទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង។ ម្រេច ២ ៧៩៦ តោន ទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី៕

ដោយ៖ឌីណា