ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀល ដែលបានមកពីការដេញថ្លៃ និងការលក់លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 5» ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផា។ បើតាមទំព័រហ្វេសក្រសួងដឹកជញ្ជូនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបានបន្តថា ការប្រគល់ជូនធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ ។
នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការលក់លេខពិសេសផ្ទាល់ខ្លួន ដែលត្រូវបានដាក់ឱ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងក្រសួងដឹកជញ្ជូន បានបង្កើតឱ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ លោក រដ្ឋមន្រ្តីបញ្ជាក់« ចំណូលពីការលក់លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 5» ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០រៀលគឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុងតម្លៃខ្ពស់គួរជាទីមោទកភាព។
លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់ក្រសួងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ និងបានស្នើឱ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន។
យោងតាមការសម្រេច របស់សម្ដេច នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ប្រគល់ថវិកានេះជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ដោយដាក់បញ្ចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការពិនិត្យនិងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ក្រសួងដឹកជញ្ជូបានរម្លឹកាថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសម៉ី បានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដែលមានលក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ។
ក្រសួងបានបញ្ជាក់ថា ស្លាកលេខប្រភេទខាងលើបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ ព្រមទាំងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត៕
ដោយ៖ឌីណា