ភ្នំពេញ៖ នៅរាជធានីភ្នំពេញ នឹងគ្រោងសាងសង់ស្ពានអាកាសថ្មើជើង បន្ថែមចំនួន ២៥ទៀត ដើម្បីបញ្ចៀសការកកស្ទះ ហើយនិងកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកថ្មើរជើងដែលនឹងដើរឆ្លងកាត់ផ្លូវ។ បើតាមការថ្លែងឱ្យដឹង ពីលោក ឃួង ស្រេង ថា អភិបាលរាជធានីភ្នំពេញ។
ការថ្លែងខាងលើរបស់ លោក ឃួង ស្រេង នាពេលចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាស្ពានអាកាសថ្មើរជើងមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលគ្រោងនឹងសម្រេចបញ្ចាប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ។
«ដោយសារកំណើនយានយន្ត និងប្រជាជន តម្រូវឱ្យរាជធានីភ្នំពេញត្រូវបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ លូ ស្ពានអាកាស ផ្លូវក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម»។ ជាការបញ្ជាក់របស់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បន្តថា រាជធានីភ្នំពេញកំណើនប្រជាពលរដ្ឋបានកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ក្នុងនោះដែរ ក៏មានប្រជាពលរដ្ឋពលរដ្ឋរស់នៅអចិន្ត្រៃយ៍ និងរស់នៅអាស្រ័យការរកស៊ី និងធ្វើការ សរុបជាង៣ លាននាក់៕
ដោ៖ឌីណា