Register Already an agent ? Login

នៅកម្ពុជា សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស មានចំនួនជិត ១ពាន់ក្បាល ដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក

ភ្នំពេញ៖ យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក មានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ក្បាល។ ចំណែកសត្វត្រយងចង្កំកស មានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកស នៅលើពិភពលោក។ តាមការថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ការថ្លែងខាងលើរបស់ លោក នេត្រ ភក្ត្រា ពេលដែលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានជាតិជិត ២០ ស្ថាប័នពិនិត្យលើការអនុវត្តគម្រោងការពារនិងអភិរក្សសត្វព្រៃ របស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹកដីខេត្តព្រះវិហារ។

រដ្ឋលេខាធិក្រសួងរូបនេះ បានថ្លែងបន្តថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាប និមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្ស ជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លោក បញ្ជាក់ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។

ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ (WCS) បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះ តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង។ ជាការថ្លែងបន្តរបស់ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថា មិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

មន្រ្តីក្រសួងដដែល បន្ថែមថា ប្រទេសកម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជា មានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារនិងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។

លោក បន្ថែមថា នេះគឺជាការគាំទ្រ និងផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពដូចដែលពួកគាត់ប្រាថ្នា និងជាមួយគ្នានេះ ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃអាចសម្រេចបានជោគជ័យ។

គម្រោងស្រូវសត្វត្រយង បានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថានបានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នងតំបន់ការពារអស់រយៈពេល ១០ឆ្នាំមកហើយ ដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាព បំណងផ្សាភ្ជាប់ជាមួយការអភិរក្ស ដែលផលប្រយោជន៍ជាសាច់ប្រាក់បានដល់ប្រជាពលរដ្ឋមូលដ្ឋាន។ តាមឯកសារជំនួយស្មារតីរបស់អង្គការសមាគមអភិរក្សសត្វព្រៃ របស់ លោក កែន សេរីរដ្ឋា ថា គម្រោងស្រូវសង្គ្រោះសត្វព្រៃនេះរួមមាន ការមិនកាប់ទន្ទ្រាននិងពង្រីកដីខុសច្បប់ គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគនិងជួញដូរសត្វព្រៃ និងអនុវត្តផលិតកម្មស្រូវតាមស្តង់ ដារសរីរាង្គ។

អង្គការ WCS បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កសិករ ដែលចូលរួមជាមួយ គម្រោងមានការកើនឡើងពី ៣៥គ្រួសារ ហូតដល់ ៧៥០គ្រួសារ តាមការរំពឹងទុកនៅក្នុងឆ្នាំ២០២០។ ការពង្រីកគម្រោងនេះ ត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជាមួយក្រសួង/មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋាន ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

អង្គការ WCS បានបន្តថា បរិមាណផលិតស្រូវសត្វត្រយ៉ង ដែលបានទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី ៣៩តោនរហូតដល់ ១២០០តោននៅក្នុងឆ្នាំ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ២០២០ គឺ២០០០តោ ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ អង្គការនេះ បញ្ជាក់ថា ផលិតផលស្រូវត្រយ៉ងបានទទួលវិញ្ញាបនបត្របញ្ជាក់ថា ជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា អាមេរិក និងទីក្រុងហុងកុង ហើយនៅឆ្នាំ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលី៕

ដោយ៖ឌីណា