Register Already an agent ? Login

ខេត្តកំពង់ធំ ជាខេត្តមួយ ក្នុងចំណោម៥ខេត្ត ដែលមានសក្តានុពលផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ជាពិសេសការដាំដុះស្រូវស្រាល ពីរទៅបីដងក្នុង១ឆ្នាំ

ភ្នំពេញ៖ ខេត្តកំពង់ធំជាខេត្តមួយ ក្នុងចំណោម ៥ខេត្ត គឺខេត្តព្រៃវែង, បាត់ដំបង, តាកែវ,បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដែលមានសក្តានុពលក្នុងការផលិតស្រូវបានច្រើនជាងគេនៅកម្ពុជា ជាពិសេសការដាំដុះស្រូវស្រាលបង្កើនរដូវ ដែលអាចមានលទ្ធភាពដាំដុះពី ពីរទៅបីដងក្នុងមួយឆ្នាំ។ ជាពិសេសនៅឆ្នាំ២០១៩ នៅក្នុងខេត្តទាំង ៥ ផលិតស្រូវបានសរុបចំនួន ៥ ៦១៣ ០០០តោន។ បើតាមការឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

លោក រដ្ឋមន្រ្តីបានបន្តឱ្យដឹងថា ទន្ទឹមនឹងនេះ នៅកម្ពុជាមាននៅសល់ស្រូវសម្រាប់ការនាំចេញក្នុងឆ្នាំ២០១៩ មានចំនួនប្រមាណ ៥ ៧៦០ ០០០តោន ដែលការផលិតស្រូវទូទាំងប្រទេសសម្រេចបាន ក្នុងឆ្នាំ២០១៩ មានចំនួន ១០,៨៨ លានតោន។

លោក វេង សាខុនបានបញ្ជាក់ឱ្យដឹងថា «ជាក់ស្តែង នៅខេត្តកំពង់ធំ សម្រេចការប្រមូលផលស្រូវបានចំនួន ៨០៣ ០០០តោន នៅឆ្នាំ២០១៦, ឆ្នាំ២០១៨ សម្រេចបានចំនួន ៨៦៥ ០០០តោន និងនៅឆ្នាំ២០១៩ សម្រេចការប្រមូលផលបានចំនួន ៨៧០ ០០០តោន»។

លោក បន្ថែមថា តាមរយៈលទ្ធផលខាងលើនេះ គឺយើងអាចសន្និដ្ឋានបានថា កម្ពុជាមិនប្រឈមនឹងកង្វះស្រូវហូបចុកនោះទេ ហើយទន្ទឹមនឹងនេះ ក៏យើងអាចទទួលទិញអង្ករស្រូវថ្មី យកមកទទួលទានបានគ្រប់ពេលវេលាពេញមួយឆ្នាំបាន។

បើតាម លោក រដ្ឋមន្រ្តីដដែលបានបន្ថែមទៀតឱ្យដឹងដា ចំពោះខេត្តព្រៃវែង ដែលបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេនៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនោះ គឺកំពុងប្រមូលផលស្រូវស្រាលដើមរដូវ។ លោក ថា យោងតាមរបាយការណ៏របស់ ប្រធានមន្ទីរកសិកម្ម ខេត្តនេះ បានឱ្យដឹងថា​ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨ ៥២៦តោន។

លោក រដ្ឋមន្រ្តីបន្ថែមទៀតថា បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម តាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ សម្រេចបានចំនួន ៩២១ ០៤៧តោន៕

ដោយ៖ឌីណា