ភ្នំពេញ៖ គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC។ គម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។ បច្ចុប្បន្ន កំណាត់ផ្លូវនេះ សាងសង់រួចរាល់បានប្រមាណ ៨០ភាគរយហើយ។ បើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។
ក្រសួងបានបន្តថា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូ និងក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈច្ចេកទេសាងសង់កំណាត់ផ្លូវជាតិលេខ៧ និងមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរដឹកជញ្ជូនខេត្តក្រចេះ និងខេត្តត្បូងឃ្មុំផងដែរ។
ក្រសួង នឹងមិនទាន់ចេញវិញ្ញាបនបត្របញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់។ ជាការថ្លែងរបស់ លោក ស៊ុន ចាន់ថុល ដែលបានផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ជាមួយគ្នានោះ លោក ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នាកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០ភាគរយ។
លោក រដ្ឋមន្រ្តីបានបញ្ជាក់ «បើផ្លូវនោះពិនិត្យ មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង។ ហើយក្រសួង នឹងត្រួតពិនិត្យជាប្រចាំតាមការដ្ឋានសាងសង់ទាំងអស់ក្រោមដែនសមត្ថកិច្ចរបស់ក្រសួង នៅកម្ពុជា»។ លោក សូមឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យទុកចិត្តក្រសួងសាធារណការនិងដឹកជញ្ជូន។
ក្នុងឱកាសនោះដែរ លោក បានប្រាប់គម្រោងសាងសង់ផ្លូវពីក្រចេះទៅដល់ព្រំដែនប្រទេសឡាវ (ត្រពាំងក្រៀល) យើងបានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិនសម្រេចតែប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល បន្តប្រាប់ពីគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដែលបានសិក្សាចប់សព្វគ្រប់ និងគ្រោងដាក់ដេញថ្លៃនៅពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលឆ្លងកាត់ ទៅកាន់ខេត្តកំពង់ធំឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។
បើតាមក្រសួងឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់កំពុងកែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណាដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ។ ដូចគ្នានេះដែរ លោក ស៊ុន ចាន់ថុល ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌ថា លោក ក៏ទទួលស្គាល់ដែលថាក្រុមហ៊ុនខ្លះធ្វើផ្លូវខាងមុខខូចខងក្រោយ ធ្វើខាងក្រោយខូចខាងមុខ។
លោក បញ្ជាក់ថា ផ្លូវខ្លះធ្វើហើយមិនទាន់បានស្រួលល្អទេ កន្លែងនៅប៉ះពៅ ដូចអាវដែលដាច់ហើយប៉ះបិទវិញ ចឹងមិនល្អមើលទេ ទោះជាយកបានតែមិនទាន់ល្អនៅឡើយ ហើយកែចុះកែឡើងអស់ប្រាក់ច្រើនជាការខូតរបស់ក្រុមហ៊ុនទេស៕
ដោយ៖ឌីណា