Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ នៅខេត្តក្រចេះនឹងមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

ក្រចេះ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរដឹកជញ្ជូនខេត្តក្រចេះ បានថ្លែងឱ្យដឹងថា តាមគម្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ។

នៅក្នុងពិធីខាងលើដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា គម្រោងនេះ​នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់​ និងប្រទេស​ តាមរយ:​ សម្រួលការដឹកជញ្ជូន​ទំនិញ​ និងកសិផល​ ជាពិសេសផ្សារភា្ជប់ទំនាក់ទំនងរវាងប្រពលរដ្ឋពីត្រើយ​ ទៅត្រើយម្ខាងទៀត​ ភាពរហ័ស​ ចំណេញពេល​វេលា និងចំណេញថរិកា​។

លោក បានបន្ថែមថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រផងដែរ។

បើតាមលោក រដ្ឋមន្រ្តីដឹកជញ្ជូនដែលបានផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌នៅលើផ្លូវជាតិលេខ៧ នាឱកាសដែលចុះត្រួតពិនិត្យផ្លូវ ជាតិលេខ៧​ (ក្រចេះ-ត្បូងឃ្មុំ)​ នៅថ្ងៃទី១០ ខែឆ្នាំដដែល បានថ្លែងឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលសម្ដេច ហ៊ុន សែន បានឱ្យសិក្សា អាចឆ្លងទៅខេត្តកំពង់ធំបាន ក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាប្រពលរដ្ឋ។

លោក បានបន្តថា ការសិក្សាគម្រោងសាងសង់ស្ពាននេះបានចប់សព្វគ្រប់ហើយ នៅឡើយតែក្រសួងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចបានពិភាក្សាគ្នា កំពុងចរចារតម្លៃជាមួយក្រុមហ៊ុនសាងសង់ផ្លូវ។ នៅពេលចរចារពីតម្លៃ និងឯកភាពហើយ និងពីសុំគោលការណ៍ពីសម្ដេច នាយករដ្ឋមន្រ្តី បន្ទាប់មកក្រសួងសេដ្ឋកិច្ចនឹងធ្វើលិខិតទៅចិន ដើម្បីស្នើសុំប្រាក់កម្ចីធ្វើស្ពាននោះ៕

ដោយ៖ឌីណា