Register Already an agent ? Login

រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជា ៤០ម៉ឺនតោន ក្នុង១ឆ្នាំ និងចេកអំបូងលឿង ៨លានតោន

ភ្នំពេញ៖ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជិតពីរឆ្នាំកន្លងមកនេះ បានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង ដោយត្រង់ទៅកាន់ទីផ្សារចិន ដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ។

ខាងលើជាការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន នៅក្នុងពិធីសារស្តីពី «លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពី កម្ពុជា ទៅកាន់ប្រទេសចិន» ដែលត្រូវបានរៀបចំពិធីប្តូរសាររវាង លោក ជាមួយ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

លោក វេង សាខុន បានបន្តថា ភាគីទាំងពីរបាននិងកំពុងពិភាក្សាអំពីពីនីតិវិធី និងលកខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅអនុម័តលើឯកសារសំណើនាំចេញមានដូចជា ម្រេច មានប៉ៃលិន ក្រូចថ្លុង ទុរ៉េន ព្រមទាំង ទឹកមាត់ត្រចៀកកាំ ដោយសង្ឃឹមថា កិច្ចការនេះនឹងអាចចាប់ផ្តើមនាំចេញនាពេលឆាប់ៗខាងមុខនេះ។

ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។ ជាការបន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ធ្វើយ៉ាងណាច្បាមយកឱកាសមាស ដែលកំពុងមានក្នុងដៃឱ្យបានជាប្រយោជន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ លោក សង្ឃឹមថា កម្ពុជាមានឱកាសក្នុងការប្រកួតប្រជែងប្រកបដោយកិតកិយស និងកិត្តិនាមរបស់ផលិតផលខ្មែរលើឆាកអន្តរជាតិ។

នៅក្នុងពិធីខាងលើ លោករដ្ឋទូត បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងមានចំណាប់អារម្មណ៍ទាក់ទងនឹងពិធីសារនេះ ដោយបានរំលេចខ្លឹមសារ សំខាន់ៗអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ។ លោក ថា ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញកសិផលកម្ពុជានៅកាន់ទីផ្សារធំចិន ជាក់ស្តែងក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជាហូរចូលទីផ្សារចិន។

លោក ទូតបានបន្តថា ពិតណាស់ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

អគ្គរដ្ឋទូត មានក្តីសង្ឃឹមនិងជឿជាក់ថា តាមរយ:ពិធីសារនេះ វិនិយោគិនក្នុងនិងក្រៅប្រទេស ជាពិសេសកសិករ ដែលជាម្ចាស់ចម្កានឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន។

ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងយូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពីពីធីខាងលើ។

បើតាមក្រសួងកសិកម្មឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ក្រុមហ៊ុន ម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជាធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន។

ក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងថា តាមរយ:ការចរចាលើឯកសារពិធីសារនេះ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ភាគីទាំងពីរបាន ពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន៕

ដោយ៖ ឌីណា