ភ្នំពេញ៖ ការនាំចេញពោតក្រហមរបស់កម្ពុជាក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩តោន។ បើតាមការឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តថា លទ្ធផលនៃការនាំពោតក្រហមចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្រៅតំបន់អាស៊ី ក្នុងរយៈពេលជាង ១ឆ្នាំកន្លងទៅនេះបានបង្ហាញឱ្យឃើញថា មាននិន្នាការថយចុះយ៉ាងគំហុក ជាក់ស្តែងនៅឆ្នាំ២០១៨ សម្រេចបានការនាំចេញពោតក្រហមបាន ២០៤ ១៨៤តោន និងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ១១៩ ៩៩៣តោន។
លោក បន្ថែមថា ទន្ទឹមនឹងនេះ ការផលិតពោតក្រហមរបស់កសិករ កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១,១១៤,៩៥៦តោន នៅឆ្នាំ២០១៩, នៅឆ្នាំ២០១៨ សម្រេចបាន ១,០៦៣, ៦៧៧ តោន, នៅឆ្នាំ២០១៧ និង ៣៣៣,០៥៨តោន និងនៅឆ្នាំ២០១៦ សម្រេចបាន ៥៩៦,១១២តោន។
លទ្ធផលខាងលើ គឺបានបង្ហាញនូវក្តីមោទនៈភាពជាតិ និងជាការពេញចិត្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញតួលេខនាំចេញពោតក្រហមមានការថយចុះក្នុងរយៈពេលជាងមួយនេះ។ ជាការបន្ថែមទៀតរបស់ លោក វេង សាខុន ថា ប្រាកដណាស់ថា បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រកែឆ្នៃចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងការដំឡើងពន្ធនាំចូលពោតក្រហមពីខាងក្រៅមកកែឆ្នៃនៅកម្ពុជា។
បើតាមការឱ្យដឹងបន្តទៀតរបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រៅពីពោត នៅមានម្ទេសផងដែរ ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២តោន។
លោក វេង សាខុន បានឱ្យដឹងទៀតថា លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឱ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៥ នាំចេញបាន ១ ០០២តោន, ឆ្នាំ២០១៦ បានចំនួន ១ ៤៩០តោន, ឆ្នាំ២០១៧ បានចំនួន ១ ៧៥០តោន, ឆ្នាំ២០១៨ បានចំនួន ១៥ ៤៩៤តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣តោន៕
ដោយ៖ឌីណា