Register Already an agent ? Login

កម្ពុជា-ទីម័រឡេស្តេឯកភាពគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍

ភ្នំពេញ៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណងស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជា ក៏បានជំរុញឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើ MoU ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើមជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។ បើតាមទំព័រហ្វេសប៊ុកក្រសួងេសចរណ៍។

ការបង្ហាញគោលបំណង និងការលើកសំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា កាលពិថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

Kupa បានលើកឡើងថា ប្រជាជនទីម័រច្រើនណាស់ ដែលមានគម្រោងមកលេងផ្ទះមិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រប្រទេសពួកគេឱ្យទទួលបានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន។ ប៉ុន្តែដោយសារកើតវិបត្តិកូវីដ-១៩ ពួកគេក៏រំសាយគម្រោង។ នៅពេលចប់វិបត្តិកូវីដទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជនទីម័រមកទស្សនាកម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេចង់ឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។

នៅក្នុងជំនួនខាងលើ ថោង ខុន បានបង្ហាញការស្វាគមន៍ចំពោះសំណើរបស់ លោកទូត Kupa ពីព្រោះប្រការនេះក៏ស្របទៅនឹងគំនិតរបស់ លោក ដែលតែងតែចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយក៏គង់តែក្លាយជាបងប្អូនរួមតំបន់តែមួយ។

លោក រដ្ឋមន្រ្តីបានបន្តថា ចំពោះបំណងប្រាថ្នារបស់ប្រជាជនមិត្តទីម័រដែលចង់មកទស្សនាកម្សាន្តនៅកម្ពុជា យើងខ្ញុំ ស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជា បាននិងកំពុងខិតខំរៀបចំឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលការវិលត្រលប់របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដ-១៩ នៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹងរង់ចាំស្វាគមន៍មិត្តទីម័រប្រកបដោយភាពកក់ក្ដៅ។ ជាមួយគ្នានោះ លោក ថោង ខុន ក៏បានស្នើរដ្ឋាភិបាលទីម័រឡេស្តេ តាមរ យៈលោកទូត Kupa សូមឱ្យភាគីទីម័រឡេស្តេពន្លឿនការចុះហត្ថលេខាលើ MoU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើមធ្វើជាច្រើនយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែជិតស្និទ្ធិបន្ថែមទៀត។

បើតាមការឱ្យដឹង ពីលោក  ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ថា MoUនេះបានផ្ដោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបង្កើនការទាក់ទាញទេសចរពីគ្នាទៅវិញទៅមកឱ្យបានកាន់តែច្រើន៕

ដោយ៖ឌីណា