Register Already an agent ? Login

ការសាបព្រោះស្រូវរដូវវស្សា នៅខេត្តកំពង់ចាម បានចំនួន ៤៥ ៨៦២ហិកតា ស្មើនឹង ៥៣,០៤% នៃផែនការ ៨៦ ៤៦១ហិកតា

ភ្នំពេញតាមរបាយការណ៍របស់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឱ្យដឹងថា មកទល់នឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សម្រេចការសាបព្រោះស្រូវរដូវវស្សាបានចំនួន ៤៥ ៨៦២ហិ ស្មើនឹង ៥៣,០៤ភាគរយ នៃផែនការ ៨៦ ៤៦១ហិ

 ប្រធានមន្ទីរបានបន្តថា ខេត្តកំពង់ចាម ជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួន ដែលស្ថិតនៅជាប់នឹងតំបន់ទំនាបកណ្តាលប្រទេសកម្ពុជា បានចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវជាបណ្តើរៗហើយ ជាពិសេសនៅស្រុកព្រៃឈរ រីឯតម្លៃស្រូវសើមវិញ កសិករបានលក់នៅនឹងស្រែក៏ទទួលបានតម្លៃល្អប្រសើរផងដែរគឺពី ៨៧០ ទៅ១១៤០រៀល ទៅតាមប្រភេទស្រូវ។

មិនខុសគ្នាប៉ុន្មាននោះទេ យោងតាមរបាយការណ៍ ប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការសាបព្រោះស្រូវវស្សាសម្រេចបានប្រមាណ ១៥៥ ៧១២ហិកតា ស្មើនឹង ៦១,៧១ភាគរយ នៃផែនការសរុបចំនួន ២៥២ ៣២០ហិកតា ដែលក្នុងនេះមាន៖ ស្រូវឡើងទឹកចំនួន ៦ ១៦០ហិកតា, ស្រូវធ្ងន់ ២០ ៧៣៧ហិកតា, ស្រូវកណ្តាល ៥៩ ០៥០ហិកតា និងស្រូវស្រាលចំនួន ៦៩ ៧៦៥ហិកតា។

ចំពោះការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស គិតមកទល់នឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០គឺសម្រេចបានប្រមាណ ៨៨៣ ៦៧៣ហិកតា ស្មើនឹង ៣៤ភាគរយ នៃផែនការ ២៥៨៨ ១៣០ហិកតា។ ទន្ទឹមនឹងនេះ ក៏បានប្រមូលផលស្រូវស្រាលដើមរដូវជាបណ្តើររួចមកហើយដែរ នៅលើផ្ទៃដីប្រមាណជា ២ ១១៥ហិកតា ដែលទទួលបានផលជាមធ្យម ៤,០៧តោន ក្នុង១ហិកតា៕

ប្រភព៖គណីហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង​ សាខុន។

ដោយ៖ឌីណា