Register Already an agent ? Login

UN Environment Program៖ ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ គម្របព្រៃឈើប្រមាណ ៣២លានហិកតា ត្រូវបានបាត់បង់

ភ្នំពេញ៖ សកម្មភាពមនុស្ស កំពុងមានឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ជីវៈច្រុះនៅលើភពផែនដី។ គ្រាន់តែចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ គម្របព្រៃឈើប្រមាណ ៣២លានហិកតា ត្រូវបានបាត់បង់ និងក្នុងរយៈពេល ១៥០ឆ្នាំ ចុងក្រោយនេះ គម្របផ្កាថ្មសមុទ្រ បានបាត់បង់ប្រមាណពាក់កណ្តាល។ ចំណែកឯ ផ្ទាំងទឹកក(Glacial ice) នៅតំបន់ប៉ូល ក៏កំពុងរលាយក្នុងល្បឿនមួយដ៏លឿន ស្របពេលដែលកម្រិតអាស៊ីតទឹកសមុទ្រកើនឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ផលិតភាពជីវិតនានា។ បើតាមក្រសួងបរិស្ថាន ដែលបានដកស្រងពី UN Environment Program។

បើតាម UN Environment Program​ ដែលក្រសួងបរិស្ថានបានដកស្រង់ បញ្ជាក់ច្បាស់ៗថា យើងកំពុងស្ថិតនៅក្បែរបន្ទាត់ក្រហមនៃការវិនាសផុតពូជទ្រង់ទ្រាយធំហើយ ប្រសិនបើយើងនៅតែបន្តតាមលំនាំនេះ។ ចំពោះការបាត់បង់ជីវៈចម្រុះ នឹងនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរត្រឡប់មកវិញ ដល់ការរស់រានរបស់មនុស្សផ្ទាល់ នោះគឺការវិនាសនៃដំណើរការផលិតអាហារ និងប្រព័ន្ធសុខភាព ដែលផ្តល់ដោយធម្មជាតិ។

UN Environment Program បានលើកទឹកចិត្តដូច្នេះ ការអភិរក្សជីវៈចម្រុះ គឺជាផ្លូវតែមួយគត់ដើម្បីការពារភពផែនដីដ៏ស្រស់បំព្រង និងរក្សាបាននូវសេវាកម្មធម្មជាតិដែលផ្តល់ឲ្យយើងរាល់គ្នា។ នេះទាមទារឱ្យយើងយល់អំពីដំណើរនៃប្រព័ន្ធជីវិតស្មុកស្មាញ និងអាស្រ័យប្រទាក់ក្រឡាគ្នា ហើយនីមួយៗសុទ្ធតែមានតួនាទីក្នុងធម្មជាតិ។

UN Environment Program បានលើកឡើងថា គេអាចប្រដូច «ជីវៈចម្រុះ» ទៅជាប្រព័ន្ធដ៏សាំញ៉ាំ និងមានអន្តរទំនាក់ទំនងស្មុកស្មាញ ដែលរាល់ជីវិតទាំងឡាយ សុទ្ធតែសំខាន់នៅក្នុងប្រព័ន្ធនោះ នៅក្នុងទិដ្ឋភាពណាមួយ។ អាហារដែលយើងបរិភោគ ខ្យល់ដែលយើងដកដង្ហើម ទឹកដែលយើងផឹក និងអាកាសធាតុដែលធ្វើឱ្យភពផែនដីយើងអាចរស់នៅបាន សុទ្ធតែត្រូវបានបង្កើតឡើងដោយធម្មជាតិ។

បើតាមការក្រសួងបរិស្ថាន បានបបន្ថែមថា ជីវៈចម្រុះ Biodiversity​ គឺជាប្រធានបទសកលសម្រាប់អបអរទិវាបរិស្ថានពិភពលោក ៥ មិថុនា នៅឆ្នាំ២០២០។

ក្រសួងដដែលបានបន្ថែមទៀតថា ជីវៈចម្រុះ សំដៅដល់ ១.ជីវិតដ៏សម្បូរបែបខុសៗគ្នាទាំឡាយនៅលើភពផែនដី រួមមានរុក្ខជាតិ និងសត្វប្រមាណ ៨លានប្រភេទ។ ២.បណ្តាប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ជាជម្រកឱ្យរុក្ខជាតិ និងសត្វទាំងនោះអាចរស់រានមានជីវិតបាន។ ៣.នានាភាពសែន(Genetic diversity) ក្នុងចំណោមជីវិតទាំងនោះ។

«សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា»។ ជាការអំពាវនាវរបស់ក្រសួងក្រសួង៕

ដោយ៖ឌីណា