ភ្នំពេញ៖ តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង ៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែមិថុនា នេះ។
សម្ដេច នាយករដ្ឋមន្រ្តីបានបន្តថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានអនាម័យផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។»
សម្ដេច តែងតែក្រើនរម្លឹកជារឿយៗថា សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជេល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាឱ្យបានជាប់ជាប្រចាំ។
ប្រមុខរាជរដ្ឋាភិបាល បានជូនពរប្រជាពលរដ្ឋគ្រប់រូបជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩នៅទូទាំងប្រទេស៕
ដោយ៖ឌីណា