ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលផ្ដល់ថវិកា ១៦៦លានដុល្លារ ដល់រដ្ឋបាល រាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល។
ប្រធាន គ.ជ.អ.ប បានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តនាចុងឆ្នាំ២០១៩កន្លងមក និងផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់មួយចំនួន។
សម្ដេច បញ្ជាក់ថា «ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តអនុក្រឹត្យនេះ ដែលក្នុងនោះរួមមាន ការផ្ទេរបុគ្គលិកសុខាភិបាលចំនួនជាង ២ម៉ឺននាក់ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ។ និងការដាក់ចេញនូវប្រកាសអន្តរក្រសួងស្តីពីការផ្ទេរថវិកាចំនួនប្រមាណ ១៦៦លានដុល្លារ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
ទោះបីកម្ពុជា បាននឹងកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យយើងទាំងអស់គ្នាអនុវត្តវិធានការនានា ដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺនេះក៏ដោយ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលា។ ជាការបន្ថែមរបស់ ប្រធាន គ.ជ.អ.ប។
សម្ដេច ស ខេង បានបន្ថែមទៀតថា ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាកទាំងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការព្យាបាលអ្នកជំងឺផងដែរ ហើយនិងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ជាមួយនិងកិច្ចការចាំបាច់នានាពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តនេះផងដែរ៕
ដោយ៖ឌីណា