ភ្នំពេញ៖ រយៈពេល ៥ខែ ឆ្នាំ២០២០ កម្ពុជាបាននាំអង្ករចេញចំនួន ៣៥៦,០៩៧តោន ដែលមានកំណើនជាង ៤២ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ២៥០,១៧២តោន។ បើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា អង្ករជាង ៣៥ម៉ឺនតោន នាំទៅចិន ៣៨ភាគរយ, បណ្តាប្រទេសនៅក្នុងអឺរ៉ុបមាន ៣៤ភាគរយ, បណ្តាប្រទេសនៅក្នុងអាស៊ាន ១៣ភាគរយ និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង អាមេរិក មានចំនួន ១៥ភាគរយ ដែលទទួលបានចំណូលជាង ២៤១លានដុល្លារអាមេរិក។
របាយការណ៍បានបន្តថា ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូល លើទឹកប្រាក់ចំនួន ១៥០អឺរ៉ូ (ប្រមាណ១៧០ដុល្លារ)ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពសជាង ៥១ភាគរយ ក្នុងនោះ បារាំងជាប្រទេស ដែលនាំចូលធំជាងគេបង្អស់ មានបរិមាណជាង ៤៥,០០០តោន។ បន្ទាប់មក ហូឡង់ ១៤,៦៦៦តោន ហើយលំដាប់លេខ៣ អង់គ្លេសជាង ៩,៧០០តោន ។ សម្រាប់បណ្តាប្រទេសនៅក្នុងអាស៊ាន ជាពិសេស ម៉ាឡេស៊ី ព្រុយណេ និងសិង្ហបុរី មានជាង ៤៥ភាគរយ បណ្តាប្រទេសផ្សេងៗមានចំនួន ៧៩ភាគរយ ចំណែកឯចិន មានកំណើន ២៥ភាគរយ ផងដែរ។
របាយការណ៍ដដែលបាន បញ្ជាក់ ការនាំចេញរយៈពេល៥ខែ ជាង២៧ម៉ឺនតោន ៧៧ភាគរយ ជាប្រភេទអង្ករក្រអូប ហើយ១៨ភាគរយ ជាប្រភេទអង្ករស ក្រៅពីនោះជាង ៥ភាគរយ ជាអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករដំណើប។ សហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមថា យើងឃើញថា កំណើននាំចេញរយៈពេល៥ខែនេះដែរ គឺអង្ករក្រអូបមានកំណើនជាង៣១ភាគរយ តែអង្ករស មានកំណើនជាង ៧៩ភាគរយ ចំនួន ៦២,៧៧៩តោន ដែល៥ខែ ឆ្នាំ២០១៩ មានតែ៣៤,៩៨៩តោន ប៉ុណ្ណោះ។ ជាមួយគ្នានេះ អង្ករសរីរាង្គ ក៏មានកំណើននាំចេញផងដែរ គឺមានកំណើនជាង ២៤ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមទៀតថា សម្រាប់ទីផ្សារខែឧសភា ឆ្នាំ២០២០ សហគំន៍អឺរ៉ុបមានការនាំចេគរហូតដល់ជាង ២៤,០០០តោន ឬ៤៤ភាគរយ នៃចំណែកទីផ្សាររបស់កម្ពុជា ដែលការនៃចេញនេះ ភាគរយស្ទើរតែ ១០០ភាគរយ អង្ករក្រអូប អង្ករសរីរាង្គនិង អង្ករចំហុយ។ ជាមួយគ្នានេះ កម្ពុជា បាននាំទៅចិនប្រមាណ ១៤,០០០តោន ២៦ភាគរយ នៃចំណែកទីផ្សារនាំចេញអង្កររបស់់កម្ពុជា។
កំណើនមធ្យមនៃការនាំចេញ គឺបណ្ដាលមកពីការផ្អាកនាំចេញអង្ករមួយរយៈ តែកំណើននៅចិនមានកម្រិតប្រហាក់ប្រហែលសហគមន៍អឺរ៉ុប និងចាប់ពីផ្ដើមកើននៅខែបន្ទាប់។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ថា កំណើតនាំចេញទៅបណ្ដាទីផ្សារផ្សេងៗដូចជា ហ្កាបុង អូស្រ្តាលី រុស្សី និងញ៉ូហ្សឺឡែន ក៏មានកំណើនខ្ពស់គួរឱ្យចាប់អារម្មណ៍។
«សម្រាប់ប្រភេទអង្ករនាំចេញក្នុងខែឧសភា ឆ្នាំ២០២០ គឺ៨៨ភាគរយ ជាអង្ករក្រអូប ហើយ ៦ភាគរយជាអង្ករស។ អង្ករសថយចុះ ៥៦ភាគរយ បើធៀបទៅនឹងឆ្នាំខែឧសភា ឆ្នាំ២០១៩ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩»។ ជាបញ្ជាក់នៅក្នុងរបាយការដដែល៕
ដោយ៖ឌីណា