Register Already an agent ? Login

៤ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួនជាង ២ពាន់ករណី មនុស្សជិត ២០០នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ៖ រយៈពេល ៤ខែ ដើមឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធធានធម្មជាតិបានចំនួន ២៣៣៣ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ តាមការថ្លែងឱ្យដឹងពី រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បន្តថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ ករណីមានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បន្តទៀតថា បានផាកពិន័យអន្តរកាលបានចំនួន ៤០៣ករណី និងបានអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសចំនួន ៦១៣ករណី ពាក់ព័ន្ធនឹងមនុស្សចំនួន ៦២៤នាក់ អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០នាក់ បានចុះបេសកកម្មដើរល្បាតចំនួន ៧ ០៧៨លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៧,២លានហិកតា។ ជាការបន្ថែមរបស់ លោក នេត្រ ភក្ត្រា ថា ពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិ ដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៣៣៣ករណី។

នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ខែនេះ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបានរឹបអូសរណាយន្តបានចំនួន ៩៧០គ្រឿងរថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣គ្រឿង រឹបអូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣គ្រឿង និងដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០អន្ទាក់ ព្រមទាំងបានដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ដើម។ ជាការបន្ថែមទៀតរបស់ អ្នកនាំពាក្យក្រសួងដដែល។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះបីជាមានការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនសកម្មភាពអប់រំស្តីពីច្បាប់តំបន់ការពារធម្មជាតិពីសំណាក់មន្ត្រីអនុវត្តច្បាប់ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់ភាគីពាក់ព័ន្ធនានាត្រូវចាត់វិធានជាចាំបាច់ទប់ស្កាត់ ហើយនិងបង្ក្រាបបទល្មើសទាំងនេះបន្តថែមទៀត។

រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមសហការប្រកប ដោយប្រសិទ្ធភាពពីសំណាក់ អាជ្ញាធរនិងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះ លោក ក៏បានជំរុញបន្ថែមឱ្យ ប្រជាពលរដ្ឋចូលរួមឱ្យកាន់តែសកម្មភាព និងប្រកបដោយភាពជាដៃគូ ស្មោះត្រង់បន្ថែមទៀតនៅក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ៕

ដោយ៖ឌីណា