ភ្នំពេញ៖ មន្រ្តីជំនាញបានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៣គ្រឿង រកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយចំនួន ៤៤៩កេស ស្មើនឹង ១១,២២៥គីឡូក្រាម នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមការឱ្យដឹងពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (CCF)។
អគ្គនាយកដ្ឋាន ក.ប.ប បានបន្តឱ្យដឹងថា នៅយប់រំលងអាធ្រា្រត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសហការពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រនៅទីតាំងខាងលើ។
អគ្គនាយកដ្ឋាន ក.ប.ប បានបន្ថែមថា ថ្ងៃទី៣០ ខែឆ្នាំដដែល មន្រ្តីរបស់ខ្លួន បានដុតកម្ទេចចោលបង្គាក្លាសេចំនួន ៤៤៩កេស ស្មើនឹង ១១,២២៥គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖ឌីណា