ភ្នំពេញ៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩ ផុតរលត់ចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់ខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។
ការលើកឡើងខាងលើ របស់ លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសម៉ី។
លោកស្រី ខាមិន ក៏បានកោតសរសើរពីការខិតខំរបស់កម្ពុជា ដែលបានខិតខំអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងមានទំនួលខុសត្រូវខ្ពស់។ ដោយហេតុនេះហើយ ទើបសហភាពអឺរ៉ុបចេញមុខបន្តគាំទ្រជួយអភិវឌ្ឍន៍វិស័យនេះបន្តទៀត ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការទាំងឡាយនឹងកាន់តែល្អប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដ-១៩រលត់បាត់។
ឯកអគ្គរដ្ឋទូតអឺរ៉ុបរូបនេះ បានប្ដេជ្ញាពាំនាំព័ត៌មានពាក់ព័ន្ធនឹងគោលដៅទេសចរណ៍នៅកម្ពុជា ក៏ដូចជាការត្រៀមខ្លួនរបស់ពលរដ្ឋ កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរពីអឺរ៉ុប ពិសេសគឺកិត្តិនាមមនុស្សធម៌មិនចេះរីងស្ងួត ដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាជនកម្ពុជាបានជួយយកអាសាភ្ញៀវអន្តរជាតិនៅលើនាវា Westerdam យកទៅផ្សព្វផ្សាយទៅក្នុងទីផ្សារទេសចរណ៍អឺរ៉ុបគ្រប់ច្រកល្ហកឱ្យល្បីសុះសាយ។
នៅក្នុងកិច្ចជុំនួបនេះ រដ្ឋមន្រ្តី បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាជនមួយចំនួនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មបាត់បង់ការងារធ្វើ។ លោក ថា នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤សែននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។
ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះ បណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារនៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ជាការបន្តរបស់ លោក ថោង ខុន បានស្នើឱ្យសហភាពអឺរ៉ុបជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀនតាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។
លោក ក៏បានស្នើបន្តទៀតដល់សហភាពអឺរ៉ុបជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសចែករំលែកបទពិសោធន៍លើការរៀបចំវិធានការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញតាមបែបផែនថ្មី New Normal life ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។
លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានស្នើដន្ថែមទៅសហភាពអឺរ៉ុប ដែលមានបទពិសោធន៍ខាងរៀបចំរចនាសម្ពន្ធទីក្រុងស្អាត ទីក្រុងវៃឆ្លាត (Smart City) ឱ្យជួយគាំទ្រជ្រោមជ្រែងដល់កម្ពុជាបន្តទៀត ខណៈប្រការនេះក៏ត្រូវបានចាត់ទុកថាជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ហើយក៏ស្របពេលដែលកម្ពុជាកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍អាស៊ាន ២០២១ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន» និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣» ផងដែរ។
សំណើខាងលើរបស់ លោក ថោង ខុន ត្រូវបានលោក ស្រីទូត ខាមិន ម៉រីណូ ទទួលយកយ៉ាងពេញចិត្តបំផុត និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍៕
ដោយ៖ឌីណា