Register Already an agent ? Login

គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប រហូតដល់ស្រុកក្រឡាញ់សម្រេចបាន៩៤% ហើយ

សៀមរាប៖ គម្រោងជួសជុលថែទាំកំណាត់ផ្លូវលេខ៦ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ(AC)ចន្លោះពី៥ ទៅ ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០.៤២០.៥២២ ដុល្លាអាមេរិក ចំណាយរយៈពេល ១៨ខែ ជួសជុលថែទាំដោយក្រុមហ៊ុន Poly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនKorea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តគម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន ៩៤ភាគរយ។ បើតាមការឱ្យដឹងពីក្រសួងដឹកជញ្ជូន។

ក្រសួងដឹកជញ្ជូនបានបន្តថា ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបេសកកម្ម ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦​​ បន្ទាប់ពីចុះត្រួតពិនិត្យផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

នាព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែល លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីការត្រួតពិនិត្យរួចមកឃើញថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវអាចទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលយើងចង់បាន។

ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាចធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវបើកបរហួសល្បឿនកំណត់ដោយច្បាប់ កុំវ៉ាជែងគ្មានការប្រុងប្រយ័ត្ន និងកុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងពេលបើកបរ កុំប្រើទូរសព្ទពេលបើកបរ ពាក់ខ្សែក្រវាត់និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវពេលបើកបរ៕

ដោយ៖ឌីណា