Register Already an agent ? Login

វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងសម្រេចបាន ៧០,០៥% កណ្តាល១៥,៦៥% និងខាងត្បូង២៦,២៦%

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិ បាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញ ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។ បើតាមក្រសួងដឹងជញ្ជូន។

វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១៤៣,០៤ លាន ដុល្លារអាមេរិក ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ២០១៨ ការស្ថាបនាមាន រយៈពេល ៣៦ខែ គិតត្រឹម ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០,០៥%ហើយ។

ភាគកណ្តាល មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ មានពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុបចំនួន ១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ ៤២ខែ គិតត្រឹម ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ១៥,៦៥%ហើយ។

ភាគខាងត្បូង មានប្រវែងសរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២គន្លងទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៦,៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ ៤៨ខែ គិតត្រឹម ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦,២៦%ហើយ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន ​ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពនៃការសាងសង់ពង្រីកផ្លូវ ជាតិលេខ៥ដើម្បីធានាឱ្យដំណើរការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក មិនរង់ចាំដល់ពេលក្រុមហ៊ុនបានសាងសង់ចប់សព្វគ្រប់ទាំងស្រុងនោះទេ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថា តើស្របតាមបទដ្ឋាន បច្ចេកទេស និងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងក្រុមហ៊ុន សាងសង់ដឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា៖ គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារ មួយល្អអាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់យូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ផ្លូវនេះជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ជាការថ្លែងរបស់ លោក រដ្ឋមន្រ្តី ពេលផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ពេលចុះពិនិត្យផ្លូវខាងលើ។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងមានការរីកចម្រើន យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ ដែលអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារឱ្យប្រជាពលរដ្ឋយើងធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិមានការរីកចម្រើន។

ជាមួយគ្នានោះ លោក រដ្ឋមន្រ្តីដឹកជញ្ជូន បានបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕

ដោយ៖ឌីណា