ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២០ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វក្នុងស្រុកប្រមាណ ២៤៥,៦៥៣តោន ដែលមានសាច់គោ ក្របី ជ្រូក និងបក្សី ក្នុងកសិដ្ឋានប្រមាណ ១,៣៩១កន្លែងទូទាំងប្រទេស។
របាយការណ៍របស់នាយកដ្ឋានបន្តឱ្យដឹងថា ការចិញ្ចឹមគោ និងក្របី៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៩០ ៧១៦តោន ឬប្រមាណ ៨២៤ ៦៨៨ក្បាល ដែលនាំយកមកពីកសិដ្ឋានចំនួន ៣៧កន្លែង ឬស្មើប្រមាណ ១០ ០៩៥ក្បាល និងនៅតាមកសិករចិញ្ចឹម ៣ ២១៧ ០៦២ក្បាល។
ក្នុងនោះដែរ ការចិញ្ចឹមជ្រូក៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០៥ ៨៧០តោន ឬប្រមាណ ២ ១១៧ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណ ១ ១៥៥ ៤៣១ក្បាល និងមកពីកសិករចិញ្ចឹម ១ ០៣០ ៤៩៤ក្បាល។
ដូចគ្នានេះដែរ ការចិញ្ចឹមបក្សី៖ លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៤៩ ០៦៧តោន ឬស្មើនឹងប្រមាណ ៤០ ៨៨៩ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៨២៤កន្លែង ឬស្មើប្រមាណ ១២ ៦៣១ ៩៧៤ក្បាល ដែលនាំមកពីកសិករចិញ្ចឹម ២៧ ៧៦៣ ៤៧៩ក្បាល។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងការចិញ្ចឹមសត្វរបស់កម្ពុជា ក៏ក្រសួងនៅតែពិនិត្យឃើញថានៅមានជនខិលខូចមួយចំនួន នៅតែបន្តលួចនាំចូលសត្វខុសច្បាប់ជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន ១គ្រឿង ដែលបានដឹកកូនជ្រូក ចំនួន៤០ក្បាល លើកំណាត់ផ្លូវជាតិ ត្រង់ចំណុចក្បាលស្ពានអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជៅ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ។ បើតាមគណីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោក បានបន្តថា ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានកូនជ្រូកសរុបចំនួន៤០ក្បាល និងរថយន្តចំនួន ១គ្រឿង ទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់៕
ដោយ៖ឌីណា