Register Already an agent ? Login

ទូតអូស្ត្រាលី៖ កម្ពុជាជាគោលដៅមុនគេដែលទេសចរត្រូវត្រលប់មកកម្សាន្តវិញ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ កម្ពុជាគឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។ តាមការអាំងអាង របស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពិថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

នៅក្នុងជំនួបនោះ លោក Pablo Chiho Kang បានបន្តថា ពីព្រោះ លោក បានទៅទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីបានមកដល់ប្រទេសកម្ពុជា។ តំបន់ក្នុងក្ដីស្រមៃលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម។ លោក ក៏បានកោតសរសើរថានៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។

ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលមាននៅកម្ពុជា លោកក៏បានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសកំណើតរបស់លោកផងដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩រសាត់ផុតទៅ។ ជាការការបន្ថែមរបស់ លោក ទូត។

លោក ទូត បានបន្ថែមទៀតថា ម្យ៉ាងវិញទៀត កិត្តិនាមមនុស្សធម៌សប្បុរសធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសណ្ដោសប្រណីចំពោះភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាពល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ។

នៅក្នុងបរិយាកាសជំនួនខាងលើ លោក ថោង ខុន បានបង្ហាញការអរគុណចំពោះការចូលរួមរបស់ស្ថានទូតអូស្ត្រាលី ក៏ដូចជាលោកទូតផ្ទាល់ ដែលមានក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសអូស្ត្រាលី។

លោក បានបញ្ជាក់ «ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដាការពារសុវត្ថិភាពសុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនានៅពេលក្រោយវិបត្តិជំងឺកូវីដនេះ»។

ជាមួយគ្នា លោក រដ្ឋន្រ្តី ក៏បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលីជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត។ ច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ៣,៥០០នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលីដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខវិជ្ជាទេសចរណ៍ផងដែរ។

អ្វីដែលពិសេសជាងនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈលោក Pablo Chiho Kang ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមានកំណើនទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលីមកកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ (២០១៩ ចំនួនប្រមាណ ១២ម៉ឺននាក់)។

លោក រដ្ឋមន្រ្តីបានបន្ថែមថា កន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ប្រទេសថៃ ឬប្រទេសសិង្ហបុរីមួយដំណាក់សិន មុនចូលមកដល់ប្រទេសកម្ពុជា ឬទៅដល់ប្រទេសអូស្ត្រាលី។

សំណើខាងលើ លោករដ្ឋទូត បានទទួលយក ដោយបានសន្យាថា នឹងលើកឡើងជូនរដ្ឋាភិបាលរបស់លោក សំដៅបន្តរឹតចំណងមិត្តភាពកម្ពុជា-អូស្ត្រាលីឱ្យកាន់តែល្អប្រសើរខ្លាំងឡើង៕

ដោយ៖ឌីណា