ភ្នំពេញ៖ បច្ចុប្បន្ន វិស័យទេសចរណ៍ពិភពលោកកំពុងប្រឈមការគម្រាមកំហែងពីជំងឺកូវីដ-១៩ ដោយចំនួនទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរគ្រប់ប្រទេស។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានប៉ាន់ប្រមាណថាវិបត្តិកូវីដ១៩ នឹងធ្វើឱ្យចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ពី ៦០-៨០ ភាគរយក្នុងឆ្នាំ២០២០។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
ក្រសួងបានបន្តថា រដ្ឋាភិបាល នៃបណ្តាប្រទេសលើពិភពលោកបានដាក់បម្រាមមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញក្រៅផ្ទះ (Lockdown) ឬក្រៅប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ដោយតម្រូវឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានអនាម័យ ការរក្សាគម្លាតសង្គម ដែលនាំឱ្យពួកគេប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយងាកមកប្រើបច្ចេកវិទ្យាថ្មីៗ បណ្តាញទំនាក់ទំនងសង្គម និងធ្វើការនៅផ្ទះជាដើម។
អង្គការទេសចរណ៍ពិភពលោកក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដោយស្នើឱ្យអ្នកទេសចរពិភពលោក «នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក» ឬជាភាសាអង់គ្លេសថា Stay Home Today, Travel Tomorrow)។ បើតាមក្រសួងដដែល បន្តថា ពិតណាស់ ទោះបីជាពួកគេកំពុងជាប់បម្រាមក៏ដោយ ក៏អ្នកទេសចរទាំងនោះមិនបានបោះបង់ក្តីស្រមៃរបស់ខ្លួន ក្នុងការធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ក្រោយជំងឺកូវីដ-១៩ត្រូវបានបញ្ចប់នាពេលខាងមុខ។
ខណៈប្រជាជនលើពិភពលោកត្រូវបានហាមមិនឱ្យធ្វើដំណើរនាសម័យកូវីដ-១៩ ក្រសួងទេសចរណ៍ កម្ពុជា បានសហការជាមួយបណ្តាញទូរទស្សន៍អន្តរជាតិ BBC ក្នុងកម្មវិធី BBC Travel Show ផលិតវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គម YouTube ដែលមានចំណងជើងថា Coronavirus: Flying in the Age of COVID-19 ក្នុងបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌នៅតំបន់សៀមរាប និងតំបន់ជុំវិញអង្គរ ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩ និងបម្រាមជុំវិញពិភពលោកត្រូវបានបញ្ចប់។ បើតាមក្រសួងទេសចរណ៍ដដែល។
ថ្វីដ្បិតពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែនៅកម្ពុជាស្ថានភាពកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អប្រសើរ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។ នេះហើយជាអ្វីដែល កម្ពុជាចង់បង្ហាញថា សៀមរាប-អង្គរនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។
ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏កំពុងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីវិធាននៃបរិបទថ្មីក្នុងវិស័យទេសចរណ៍ (New Normalization Protocols) ក្នុងសម័យកាល COVID-19 សម្រាប់ទេសចរជាតិ-អន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការទេសចរណ៍ពិភពលោក (UNWTO)៕
ដោយ៖ឌីណា