ភ្នំពេញ៖ រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី៤ ដល់ទី១៧ នៅក្នុងខែឧសភា ឆ្នាំ២០២០ ចលនាភ្ញៀវទេសចរក្នុងស្រុកបន្តកើនឡើងវិញ ដែលបានដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមកន្លងទៅ។ តាមការឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោក បានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។ «ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប»។ ជាការកត់សម្គាល់ របស់ លោក រដ្ឋមន្រ្តី។
លោក ថោងខុន បានបញ្ជាក់ ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ ជាពិសេស លក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕
ដោយ៖ឌីណា