ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុអញ្ញាតឱ្យជនបរទេសទាំង ៦ប្រទេសមានដូចជា អ៊ឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកស្រុកខ្មែរវិញហើយ ក្រោយពីគ្រូពេទ្យខ្មែរព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ១២២នាក់ក្នុងស្រុក បាន១០០ភាគរយ និងមិនមានការរកឃើញការឆ្លងថ្មី។ បើតាមសេចក្ដីប្រកាសអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
អន្តរក្រសួងបានបញ្ជាក់ថា «គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា ទាំងជនជាតិខ្មែរ បរទេស តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ពីប្រទេសសាម៉ី ក្នុងរយៈពេល ៧២ម៉ោង»។
បន្ថែមលើសពីនេះជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងស្នាក់នៅកម្ពុជា ជាមួយគ្នានេះត្រូវគោរពតាមវិធានផ្សេងៗទៀត កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (លើកលែងមន្រ្តីស្ថានតំណាងបរទេស អង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទB របស់កម្ពុជាឡើយ)។ ជាការបន្ថែមរបស់អន្តរក្រសួងក្នុងសេចក្ដីប្រកាស។
អ្នកដំណើរទាំងខ្មែរ-បរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌាលរងចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរកកូវីដ-១៩ និងចាំទទួលលទ្ធផលពីមន្ទីរពិសោធ៍ប៉ាស័្ទរ។ ជាការបញ្ជាក់ក្នុងនៅក្នុងសេចក្ដីប្រកាសដដែល។
សូមបញ្ជាក់ថា បើតាមទិន្នន័យក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានឈានដល់កម្រិតខ្ពស់ណាស់មានជាង ៤,៥លាននាក់ និងជាង ៣០ម៉ឺននាក់បានស្លាប់ ដែលអង្គការសុខភាពពិភពលោកបានបង្ហាញរបាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
សូមរម្លឹកថា រាជរដ្ឋាភិបាកម្ពុជាបានចេញបម្រាមមិនឱ្យជនបរទេសទាំង ៦ប្រទេសខាងលើ ចូលកម្ពុជា ចាប់តាំងពីថ្ងៃទី១៤ និង១៥ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ ជាពិសេសកន្លងមករណីកូវីដ-១៩ រកឃើញនៅកម្ពុជាភាគច្រើនលើសលប់ជាករណីនាំចូល៕
ដោយ៖ឌីណា