ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលមានគោលបំណងសំខាន់ៗ ចំនួន៥។ បើតាមគេហទំព័រក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានបន្តថា ច្បាប់នេះមានគោលបំណង ទី១-ធានាឱ្យយមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។ ទី២-ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។ ទី៤-ធានាឱ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ក្រសួងបានបន្ថែមឱ្យដឹងថា កិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួមពី លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១, លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ហើយនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
ដោយ៖ឌីណា