Register Already an agent ? Login

លោក គួច ចំរើន៖ ណែនាំមន្រ្តីបង្កើតក្រុមការងារ សិក្សាពីទិន្នន័យសេដ្ឋកិច្ច ដើម្បីរកប្រភពចំណូលសម្រាប់ ការពារ ការអភិរក្ស និងការគ្រប់គ្រងតំបន់ព្រែកកំពង់ស្មាច់

ព្រះសីហនុ៖ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានការណែនាំមន្រ្តីឱ្យបង្កើតក្រុមការងារដើម្បីបញ្ចេញមតិយោបល់គ្រប់ជ្រុងជ្រោយ សិក្សាពីទិន្នន័យសេដ្ឋកិច្ច ដើម្បីរកប្រភពចំណូលសម្រាប់ការការពារ ការអភិរក្ស និងការគ្រប់គ្រងតំបន់ព្រែកកំពង់ស្មាច់ លើកកម្ពស់គម្រោងអេកូទេសចរតាមរយ:សហគម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន បង្កើនសកម្មភាពសិក្សាស្រាវជ្រាវក្នុងតំបន់ឱ្យកាន់តែសម្បូរបែប។ បើតាមរដ្ឋបាលខេត្តព្រះហនុ។

ការណែនាំខាងលើ នៅក្នុងកិច្ចប្រជុំការគ្រប់គ្រងតំបន់ជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ បើតាមរដ្ឋបាលដដែល បានបន្តថា ព្រែកកំពង់ស្មាច់មានផ្ទៃក្រឡាសរុប ៥,៨៤៨ហិកតា ក្នុងនោះផ្ទៃទឹក ២,៨៧៩ហិកតា និងល្បាប់ភក់ ៧២ហិកតា ដោយបានបែងចែកជា ៣កន្លែងគ្រប់គ្រង កន្លែងអភិរក្សជលផល ៤៥៦ហិកតា កន្លែងការពារជលផល ១,០៨៥ហិកតា និងកន្លែងប្រើប្រាស់ច្រើនយ៉ាង ១,៣៥៦ហិកតា។

ការគ្រប់គ្រងតំបន់ជលផលព្រែកកំពង់ស្មាច់ ត្រូវបានជ្រើសរើសជាតំបន់គ្រប់គ្រងជលផលសមុទ្រក្រោមជំនួយថវិកាពីអង្គការ PEMSEA តាំងពីឆ្នាំ២០០៩ ដែលគ្របដណ្តប់ ៦ឃុំ និងទទួលទឹកពីដៃស្ទឹងតូច-ធំចំនួន១៦ ប្រវែងជាង ១០គីឡូម៉ែត្រ ពិសេសស្ទឹងមកពីភ្នំបូកគោ ហូរចាក់ទៅឆកវាលរេញ មានព្រៃកោងកាងចំនួន ៣៩ប្រភេទ ក្នុងនោះ ស្មៅសមុទ្រ វាលល្បាប់ភក់ (អាចធ្វើស្រែបាន) សិប្បសត្វក្រោមដើមកោងកាងច្រើនប្រភេទ និងប្រភេទសត្វស្លាប។ នេះតាមការធ្វើបទបង្ហាញរបស់ លោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណ: និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំខាងលើ។

«ព្រែកកំពង់ស្មាច់ត្រូវបានចាត់ជាអាទិភាពដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលទី២ ក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រជុំកោះរ៉ុង»។​ ជាការបញ្ជាក់ឱ្យដឹង របស់ លោក ប្រាក់ វិសាល៕

ដោយ៖ឌីណា