Register Already an agent ? Login

គម្រោងស្ថាបនាស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ការនាំចូលសម្ភារៈ និងគ្រៀងចក្រមួយចំនួនតម្លៃជាង ៤០លានដុល្លារអាមេរិក

ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ការនាំចូលសម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពាន របស់ក្រុមហ៊ុន​ OCIC ស្នើសុំនំាចូលនេះ មានតម្លៃសរុប ៤០, ៨៨៨ ៥៨០ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ បើតាមលិខិតរបស់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បន្តថា ក្រុមហ៊ុនខាងលើ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេ

នៅក្នុងលិខិតរបស់ លោក ឃួង ស្រេង បន្តទៀតថា ការបានទទួលគោលការណ៍ខាងលើ យោងតាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ អភិបាលរាជធានីបានបញ្ជាក់ «ក្រោយពីសាងសង់រួច ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច។ ជាពិសេសជាងនេះទៅទៀត នឹងជួ​យតភ្ជាប់គមនាគមន៍ និងសកម្មភាពសេដ្ឋកិច្ចពីតំបន់ជ្រោយចង្វារ តំបន់កោះពេជ្រ ទៅតំបន់បឹងស្នោ និងច្បារអំពៅថែមទៀតផង»។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងឱ្យដឹថា ក្រុមហ៊ុន មានកម្រោងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម ឱ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបជាង ១០០ ហិកតា ដែលមានការចាក់ដី ថ្ម និងខ្សាច់បន្ថែម។

ការស្ថាបនាច្រាំងទន្លេ និងចាក់ដីបំពេញ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបានចាប់ផ្តើម ជាមួយនឹងផែនការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនៅឆ្នាំ២០២៣ខាងមុខ។ ជាការបញ្ជាក់ឱ្យដឹងពីអគ្គនាយករង ក្រុមហ៊ុន OCIC លោក ទូច ​សំណាង បន្ថែមថា ក្រុមហ៊ុន បានសិក្សាស្ពាន២ខ្សែ គឺផ្តោតលើជម្រើសលើទឹកដែលគ្រោងចំណាយជាង ៦០លានដុល្លារ និងមួយទៀតជាស្ពានឆ្លងកាត់ក្រោមទន្លេ ដែលគ្រោងនឹងចំណាយ ២០០លានដុល្លារ៕

ដោយ៖ឌីណា