ព្រះសីហនុ៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន ៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព របស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។ បើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន៧ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា។ បើតាមការបន្តរបស់ក្រសួងឱ្យដឹងទៀតថា គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។
ក្រសួងដឹកជញ្ជូនបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។
លើសពីនេះទៀត ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់កសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាការបន្ថែមទៀតរបស់ក្រសួងដដែល។
ក្រសួងដឹកជញ្ជូនមានមោទនកភាព បានលើកឡើងថា ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភាម្សិលមិញនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន អមដំណើរសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងកម្មវិធីដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ៕
ដោយ៖ឌីណា