Register Already an agent ? Login

សម្ដេច ស ខេង៖ រយៈពេល ១៤ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ ថយចុះ ៣៦លើក របួស៨១នាក់ ស្លាប់ ៤នាក់

ភ្នំពេញ៖ ទិន្នន័យជាផ្លូវការបានបញ្ជាក់ថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល ១៤ថ្ងៃគឺតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹង ខែមេសាឆ្នាំដដែល គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៦លើក អ្នករងរបួសថយចុះ ៨១នាក់ និងអ្នកស្លាប់ថយចុះ៤នាក់ ។ បើតាមការទំព៍រហ្វសប៊ុក សម្ដេច ស ខេង។

សម្ដេច ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្តិភាពសចរាណ៍ផ្លូវគោក (គ.ស.ច.គ) បានបន្តថា ចំនួនខាងលើបើប្រៀបធៀបពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ គឺមានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៦៨លើក អ្នករងរបួសថយចុះ ៩១នាក់ និងអ្នកស្លាប់ថយចុះ ២០នាក់ បានបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន។

កន្លងមក មានមតិខ្លះក៏បានលើកឡើងដោយសុំឱ្យមានការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយមូលហេតុផ្សេងៗ ប៉ុន្តែប្រធាន គ.ស.ច.គ បានបញ្ជាក់ទៅប្រជាពលរដ្ឋដូច្នេះ ថាតាមលទ្ធផលជាវិជ្ជមានខាងលើនេះបានបង្ហាញថា ការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺប្រៀបបាននឹងការបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋខ្មែរនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀត​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ចំពោះគ្រួសារ ព្រមទាំងសង្គមជាតិយើង។

សម្ដេច ស ខេង បានបន្តថា ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឱ្យបាននូវ​បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ​ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រធានគ.ស.ច.គ បានក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឱ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋ៕

ដោយ៖ឌីណា