Register Already an agent ? Login

រយៈពេល១០ថ្ងៃ យានយន្តចំនួន ១៨,៤៥០គ្រឿងល្មើសច្បាប់ ស្មើនឹង១៩,១៦០ករណី

ភ្នំពេញ៖ របាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានឱ្យដឹងថាក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តចំនួន ១៨,៤៥០គ្រឿង ល្មើសច្បាប់ ស្មើនឹង១៩,១៦០ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១៨,៤៥០គ្រឿងនេះ មានម៉ូតូចំនួន១៤,៦០៣គ្រឿង ល្មើសច្បាប់ស្មើនឹង១៤,៣៤០ករណី និងរថយន្ដចំនួន៤៨,៤៧គ្រឿង ល្មើសច្បាប់ ស្មើនឹង៤,៨២០ករណី។ ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់ និងជិះបញ្ជ្រាស។

ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន,បណ្ណបើកបរ, ដឹកលើសចំណុះ, ផ្ទុកទំនិញលើស, ផ្លាកលេខ និងភ្លើង។ បើតាមរបាយការណ៍ដដែល បានវាយតម្លៃរយៈពេល១០ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល១០ថ្ងៃនេះ។

ពាក់ព័ន្ធនិងមន្ត្រីនគរបាលដែលអនុវត្តន៍លើសគោលការណ៍ណែនាំឬប្រើប្រាស់សម្តី និងអកប្បកិរិយាមិនសមរម្យ ត្រូវបានដាក់វិន័យកងកម្លាំងនគរបាល និងមានករណីខ្លះត្រូវបានអប់រំកែលម្អរ។ ការញ្ជាក់របស់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១១ ខែមេសា នេះ បន្តថា កងកម្លាំងមានសមត្ថកិច្ចត្រូវធ្វើជាគំរូល្អ ដោយត្រូវយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនដូចជាការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ជាដើម បើប្រព្រឹត្តិខុសគឺត្រូវអនុវត្តជាដាច់ខាតតាមច្បាប់ដូចជាប្រជាពលរដ្ឋដែរ។

លោក នេត សាវឿន បានដាក់ចេញ នៅទិសដៅចំនួន ៨ចំនុចបន្ថែមទៀត សំរាប់អនុវត្តបន្ត ដែលរួមមានទាំងការងារដឹកនាំបញ្ជា និងការងារវិធានការល្បាត ត្រួតពិនិត្យជាក់ស្តែងទាំងពេលថ្ងៃ និងពេលយប់។ លោក បានសង្កត់ធ្ងន់ថា អង្គប្រជុំបានសម្រេចថា ការរឹតបន្តឹងអនុវត្តច្បាប់ត្រូវតែបង្កើនអោយបានក្លាំងក្លាថែមទៀត រហូតទាល់តែសម្រេចឱ្យបាននូវគ្រោះថ្នាក់ជាអតិបរមា ឱ្យមានការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែផុលផុស និងធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសផងដែរ។

អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា កិច្ចប្រជុំបានដកពិសោធន៍លើចំនុចខ្លាំងរបស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៧ថ្ងៃកន្លងទៅ គឺបានខិតខំអនុវត្តនូវវិធានការច្បាប់តាមអនុក្រឹតលេខ៣៩ ដែលរកឃើញយាន្តយន្តល្មើសប្រមាណជាង១៣០០០គ្រឿង និងការពិន័យ ព្រមទាំងរកឃើញថា កម្រិតនៃការចូលរួមរបស់ប្រជាពលរដ្ឋមានការកើនឡើង។ រីឯកងកម្លាំងនគរបាលជាតិក៏មានការដកពិសោធន៍កាន់តែច្រើន មានការយល់ដឹងពីបញ្ហាទាំងឡាយដែលកើតមានឡើង នៅលើផ្លូវមានបទល្មើសនានាដែលបង្កអោយមានគ្រោះថ្នាក់ ហើយការដកពិសោធន៍នេះក៏ឈានទៅកាត់បន្ថយគ្រោះថ្នាក់បាន៕

ដោយ៖ឌីណា