ភ្នំពេញ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បាននិងកំពុងរិះរកដំណោះស្រាយ និងកំពុងប្រមូលធាតុចូលពីបណ្ដាអ្នកជំនាញ អ្នកប្រាជ្ញ ព្រមទាំងពីបណ្ដាប្រទេសជាសមាជិកនានា ដើម្បីដាក់ចេញនូវវិធាការ ឬដំណោះស្រាយរួម លើការដោះស្រាយផលប៉ះពាល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។ បើតាមទំព័រហ្វសប៊ុកក្រសួងទេសចរណ៍។
អ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជាសមាជិកអាចពិចារណា ដើម្បីដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមាន៖ ការអនុវត្តវិធានសុវត្ថិភាព អនាម័យ សុខភាព ស្របតាមវិធាននានា ណែនាំដោយអង្គសុខភាពពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍កាន់តែខ្លាំងឡើង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ចូលរួមប្រជុំជាមួយអង្គការទេសចរណ៍ពិភពលោក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាងអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិផ្សេងៗ និងបណ្ដាប្រទេសជាសមាជិកជាង ១០០ប្រទេស។
កិច្ចប្រជុំខាងលើ បានផ្ដោតលើដំណោះស្រាយចំនួន៣ គឺដំណោះស្រាយសម្រាប់ប្រជាជន (Healing for People) ពោលគឺធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពល្អប្រសើរដល់ទេសចរ ដំណោះស្រាយដើម្បីវិបុលភាព (Healing for Prosperity) ដោយផ្ដោតជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងអាជីវកម្មទេសចរណ៍ និងដំណោះស្រាយសម្រាប់គោលដៅទេសចរណ៍ (Healing for Destination) ពោលធ្វើឲ្យគោលដៅទេសចរណ៍មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ។ អង្គការទេសចរណ៍ពិភពលោកនឹងរៀបចំជារបាយការណ៍រួមលម្អិតរំលេចអំពីដំណោះស្រាយទាំងនេះ សម្រាប់ជាធាតុចូលដល់ប្រទេសជាសមាជិកទាំងអស់។
ក្រោយចប់កិច្ចប្រជុំនេះ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឱ្យដឹងថា មកដល់ពេលនេះ អង្គការទេសចរណ៍ពិភពលោកមិនទាន់មានដំណោះស្រាយយ៉ាងណានៅឡើយទេ ចំពោះការដោះស្រាយផលប៉ះពាល់លើវិស័យ សចរណ៍ដោយសារវិបត្តិកូវីដនេះ។ លោក ថា ប៉ុន្តែការអនុវត្តនានាក្នុងវិស័យទេសចរណ៍នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោកជាចាំបាច់។
បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោកនឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញ អ្នកជំនាញ និងបណ្ដាប្រទេសជាមាជិកនានា ដើម្បីវិភាគរិះរកនូវដោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តដំណើរការវិស័យទេសចរណ៍ទូទាំងពិភពលោក។ ជាការបន្តរបស់ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះ គេបានបង្ហាញធាតុចូលច្រើនដែរ ទាំងទ្រឹស្ដី និងភាពជាក់ស្ដែង ទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត។
ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តក្នុងពេលកើតមានជំងឺកូវីដនេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការ សម្រាប់អនុវត្តនៅពេលវិបត្តិកូវីដនេះត្រូវបានផុតរលត់ចេញពីផែនដី ឬក៏អាចយកមកអនុវត្តសម្រាប់វិបត្តិនាពេលក្រោយទៀតផងដែរ។ ជាការបន្ថែមទៀត របស់ប្រធានាយដ្ឋានដដែល បានបញ្ជាក់ សម្រាប់កម្ពុជា ទោះបីជាកំពុងរង់ចាំអនុវត្តតាមដំណោះស្រាយរបស់អង្គការសុខភាពពិភពលោកក៏ពិតមែន ប៉ុន្តែ កម្ពុជា ក៏បាននិងកំពុងអនុវត្តនូវវិធានការក្នុងប្រទេសជាបន្តបន្ទាប់មកហើយដែរ៕
ដោយ៖ឌីណា