ភ្នំពេញ៖ ក្រុមហ៊ុនChina Good Cars Holding Ltd បង្ហាញគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅភ្នំពេញ។ បើតាមការឱ្យដឹងពីទំព័រហ្វេសក្រសួងដឹកជញ្ជូនថ្ងៃទី៥ ខែមេសា នេះ។
ក្រសួងបានបន្តឱ្យដឹងថា ក្នុងជំហានដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ ទំនើប នៅជាយភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។
រដ្ឋមន្រ្តីក្រសួងសាធារការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងខាងលើ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ ។ ជាមួយគ្នានោះដែរ លោក សូមឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងដដែលបានបន្ថេមថា ក្រុមហ៊ុនបានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ លោកមន្រ្តី ហើយសន្យាថា នឹងបន្តការងារទៅតាមអនុសាសន៍នានា របស់ លោក ស៊ុន ចាន់ថុល។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក ស៊ុន ចាន់ថុល បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគគម្រោងខាងលើ ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លាន ដុល្លារអាមេរិក៕
ដោយ៖ឌីណា