Register Already an agent ? Login

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប នឹងជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍មានភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាននិងកំពុងដំណើរការជាបណ្ដើរៗ ក្រសួងទេសចរណ៍បានបង្ហាញការជឿជាក់ថា ផែនការមេនេះនឹងជួយឱ្យខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។

ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី។ ជាការថ្លែងរបស់ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង  កាលពីថ្ងៃទី៤ ខែមេសា នេះ។

លោក បានថ្លែងបន្តថា ដំណើរការនៃការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយចាប់ពីពេលនេះតទៅមុខ នឹងមានការចូលរួមផ្ដល់ធាតុចូល និងផ្ដល់ការគាំទ្រពីសំណាក់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការរៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវរួម។

នៅក្នុងកិច្ចប្រជុំខាងលើអនុរដ្ឋលេធិការ បានបន្ថែមថា ដោយសារវិស័យទេសចរណ៍ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះការរៀបចំផែនការមេនេះត្រូវគិតគូរជាអន្តរវិស័យ ដូចជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានមានជាក់ស្ដែងដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀតដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដទៃទៀត។

លោក នី ផល្លី បានបញ្ជាក់ថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប មានគោលបំណង «អភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក»។

បង្កើនគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗថែមទៀត ដើម្បីពន្យារការស្នាក់នៅរបស់ទេសចរ នៅគ្រប់រដូវកាលឲ្យបានកាន់តែយូរ។ ជាការបញ្ជាក់បន្តរបស់ អនុរដ្ឋលេខាធិការរដដែល បន្ថែមទៀតថា ធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដោយផ្តោតលើផលិតផលទេសចរណ៍តាមគោលដៅ។ ជាមួយគ្នានេះ ធានាដល់ចីរភាពនៃការអភិវឌ្ឍ និងធនធានធម្មជាតិ និងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសធានាដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

មកដល់ពេលនេះ ក្រុមការងារបានបញ្ចប់នូវប្លង់គោលគំនិត (Concept note) នៃការសិក្សាមួយរួចហើយ និងកំពុងបន្តប្រមូល និងវិភាគទិន្នន័យ ដើម្បីឈានដល់ការសរសេរសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ ជាការថ្លែងឱ្យដឹងពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង  លោក នី ផល្លី ក៏បានណែនាំដល់ក្រុមការងារដែលចូលរួមសិក្សារៀបចំផែនការមេនេះ ត្រូវរួមគ្នាគិតគូរទាំងភាពវិជ្ជមាន អវិជ្ជមាន និងការគ្រប់គ្រងហានិភ័យទៅលើផ្នែកបរិស្ថាន ប្រព័ន្ធទឹកស្អាត សំណង់ សូរិយោដី សាធារណការ និងផ្នែកពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យភ្ញៀវទេសចរដិតជាប់ការចងចាំចំណុចពិសេសៗ ក្រោយបានមកទស្សនាខេត្តនេះ។

ស្ថិតក្នុងកិច្ចប្រជុំខាងលើ លោក កែន សត្ថា បានបង្ហាញការគាំទ្រចំពោះសំណើរបស់ក្រសួងទេសចរណ៍ និងបានលើកសំណើគម្រោងផែនការមួយចំនួនដាក់បញ្ចូលទៅក្នុងផែនការមេខាងលើ ដូចជាការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូតដល់ព្រៃកោងកាង) និងឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏ដូចជាការបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉កសម្រាប់ឱ្យទេសចរជិះលេងកម្សាន្តពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀតជាដើម។

លោក នី ផល្លី បានបញ្ជាក់ឱ្យដឹងទៀតថា សេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បន្ទាប់ពីមានការកែសម្រួល ឬមានការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះនឹងត្រូវយកមកអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ និងអាចមានការពិនិត្យកែសម្រួលសម្រាប់ការអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត៕

ដោយ៖ឌីណា