ភ្នំពេញ៖ ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូ AC គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សម្រេចការសាងសង់បានចំនួន ៩១,១៤ ភាគរយហើយ។ តាមការឱ្យដឹងពីទំព័រហ្វឹសប៊ុកក្រសួងដឹកជញ្ជូននារសៀលថ្ងៃទី៤ ខែមេសា នេះ។ ក្រសួងបានបន្តថា ផ្លូវតភ្ជាប់រវាងខេត្តទាំងពីរខាងលើ មានប្រវែងសរុប៩៦គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង ៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។
ផ្លូវខាងលើ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ចំណាយរយៈពេលសាងសង់ចំនួន ៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០។ បើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងដដែល។
ក្រសួងដឹកជញ្ជូនបានបន្ថែមថា លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ កាលពីព្រឹកថ្ងៃទី៤ ខែមេសា នេះ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីមើលចំណុចខ្វះខាតដែលនៅសេសសល់ ក៏ដូចជាបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់កែសម្រួល បំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក សំដៅធ្វើឱ្យផ្លូវនេះមាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
«ទោះបីមានបញ្ហាជំងឺកូវីដ១៩ ដែលជាបញ្ហាសកលយ៉ាងណាក្ដី សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅតែមានដំណើរការធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃគ្រឿងក្រុមភាពយឺតយ៉ាវ»។ ជាការបញ្ជាក់របស់ រដ្ឋមន្រ្តីដឹកជញ្ជូន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យផ្លូវាងលើ លោក ស៊ុន ចាន់ថុន បានបន្តថា ឆ្លងតាមការត្រួតពិនិត្យគុណភាពផ្លូវមួយរយៈកន្លងមក ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៣ ជាដើម មានគុណភាពតាមស្តង់ដារ និងគោរពតាមលក្ខណៈបច្ចេកទេស និងសៀវភៅបន្ទុក គឺមិនមែនចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្តែងឡើយ។
លោករដ្ឋមន្រ្តីបន្ថែមថា ផ្លូវត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកទាំងក្នុងប្រទេស និងក្នុងតំបន់ ពោលគឺយើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសដោយមិនចាំបាច់ត្រឡប់ថយក៏បាន។ លោក បញ្ជក់ទៀតថា កំណត់ផ្លូវនេះជាកំណត់ ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវពង្រីក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។
លោក ស៊ុន ចាន់ថុន បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលថែរក្សាសម្បត្តិជាតិ ជាពិសេសអ្នកដែលមានលំនៅឋាននៅតាមបណ្ដោយផ្លូវជាតិ សូមកុំបំពានដីចំណីផ្លូវ ត្រូវគោរពតាមច្បាប់ និងមិនត្រូវដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ឡើយ៕
ដោយ៖ឌីណា