Register Already an agent ? Login

ក្រសួងដឹងជញ្ជូន៖ វឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ភាគខាងជើងសម្រេចបានជាង៨០% ភាគកណ្ដាលសម្រេចជិត១៥% និងភាគខាងត្បូងជិត២៤%

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែក ខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល។ បើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកក្រសួងដឹងជញ្ជូននាព្រឹកថ្ងៃទី២៩ ខែមេសា នេះ។

ក្រសួងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន ៨០,០២ភាគរយហើយ។

បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាននឹងកំពុងក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់យល់ឃើញថា ផ្លូវដែលទើបសាងសង់រួចនេះមានសភាពល្អ ងាយស្រួលបើកបរ ចំណេញពេលវេលា និងពិសេស ផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។ បើតាមក្រសួងដឹងជញ្ជូន។

ក្រសួងបានបន្តឱ្យដឹងថា ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលចាប់ពីធ្លាម្អមដល់ បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា​ ប្រមាណ ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះសម្រេចបាន ១៤,៥០ភាគរយ។ គ្រប់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងអស់បានគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍បច្ចេកទេស និងសុវត្ថិភាពការងារទាំងក្នុងនិងក្រៅការដ្ឋាន។

ជាមួយគ្នានេះដែរ ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៣រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ កំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លង ទៅ២គន្លងមក គ្រោង រយៈពេលសាងសង់ចំនួន ៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន២៣,៩០ភាគរយ។

ក្រសួងដឹងជញ្ជូនបានបន្ថែមឱ្យដឹងទៀតសថា ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបប្រទះនូវការឆ្លងរីករាលដាលមេរោគប្រភេទថ្មី COVID-១៩ អង្គភាពគ្រប់គ្រង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្បួនអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន ​ដើម្បីការពារ ទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលមេរោគCOVID-១៩ ស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

ដោយ៖ឌីណា