ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដែលមានសមាសភាព ប្រធាន និងអនុប្រធាន២ ហើយនិងសមាជិក ១២នាក់ លេខាធិការ១នាក់។
សេចក្ដីសម្រេច ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដែលបង្កើតក្រុមការងារខាងលើ មានតួនាទី និងភារកិច្ច ដូចជា សិក្សាលើទិដ្ឋភាពទូទៅ និងបញ្ហានានានៃប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងការងារគាំពារសង្គមដែលបាននិងកំពុងដំណើរការ។ ជាមួយគ្នានេះ រៀបចំយុទ្ធសាស្រ្ត និងផែនការសកម្មភាពលើលទ្ធភាពនៃការតភ្ជាប់ ឬធ្វើសមាសហណកម្មបហប្រព័ន្ធចុះបញ្ជី ឬប្រ័ន្ធព័ត៌មានវិទ្យានឹងប្រព័ន្ធគាំពារសង្គម ដែលមានស្រាប់ក្នុងកម្រិតមិនប៉ះពាល់ដល់ព័ត៌មានឯកជនភាពបុគ្គល។
ក្នុងនោះដែរ ក្រុមការងារនេះ ផ្ដល់យោបល់ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជនលើការងារពាក់ព័ន្ធនឹងការរៀបចំដំឡើង កែសម្រួលប្រព័ន្ធចុះបញ្ជី និងប្រ័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីឱ្យអាចធ្វើអន្តរប្រតិបត្តិការជាមួយគ្នា។
ស្របពេលជាមួយគ្នានេះដែរ រាយការណ៍ជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្កម ស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនឹងការងារគាំពារសង្គម។ បំពេញការងារផ្សេងៗទៀតដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម៕
ដោយ៖ឌីណា